គូស្នេហ៍មួយគូនៅខេត្តស៊ីឈួនប្រទេសចិន បានបង្កការភ្ញាក់ផ្អើលមួយ កាលពីថ្ងៃ ទី២០ ខែឧសភា ដែលជារឿយៗត្រូវបានគេហៅថា ថ្ងៃបុណ្យនៃក្តីស្រឡាញ់របស់ចិន។

នារីជាដៃដល់បានទះកំផ្លៀងបុរសជាសង្សារចំនួន ៥២ដង បន្ទាប់ពីមិត្តប្រុសរបស់នាងមិនបានទិញទូរស័ព្ទថ្មីឱ្យជាអំណោយមកនាង។ ឈុតឆាកទះកំផ្លៀងនេះត្រូវបានថតចេញពីកាមេរ៉ាឃ្លាំមើល (CCTV) និងវីដេអូទូរស័ព្ទរបស់អ្នកថ្មើរជើងដើរកាត់ទីនោះ ដែលវាបង្ហាញយ៉ាងច្បាស់ថា នារីម្នាក់នោះពិតជាកំពុងប្រមាថបុរសជាសង្សារ និងទះគាត់ជាច្រើនកំផ្លៀង ខណៈដែលបុរសនោះនៅស្ងៀម និងទ្រាំទទួលយកការប្រមាថ។

យ៉ាងណាមិញក្រោយការស៊ើបអង្កេត ប៉ូលីសបានរកឃើញថា បុរសម្នាក់នេះពិតជាត្រូវបានមិត្តស្រីរបស់គាត់ទះកំផ្លៀង ៥២ដង ដោយនាងបានខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីបុរសនោះមិនបានបំពេញតាមការស្នើសុំរបស់នាង ដោយនាងចង់បានស្មាតហ្វូនថ្មីនៅថ្ងៃពិសេសនេះ។

នៅពេលដែលប៉ូលីសទៅដល់កន្លែងកើតហេតុ ហើយប៉ុនប៉ងបំបែកពួកគេ បុរសនោះបានទទូចមិនឱ្យមានការបំបែកចេញឡើយ ដោយគាត់បាននិយាយថា គាត់ជាអ្នកខុស ហើយគាត់ជឿថា មានតែទ្រាំឱ្យនារីជាសង្សារធ្វើបែបនេះទើបនាងអាចស្ងប់ចិត្តបាន។

ប៉ូលីសក៏បានរកឃើញផងដែរថា លុយដែលបុរសជាសង្សារគាត់ខំរកមកបាន ភាគច្រើនត្រូវបានចំណាយទៅលើមិត្តស្រីរបស់គាត់ (gold digger)។ ខណៈដែលអាជ្ញាធរមិនអាចបញ្ចុះបញ្ចូលគូកម្មទាំង ២នាក់ ឱ្យយកបញ្ហានេះទៅកាន់ដោះស្រាយនៅប៉ុស្តិ៍ប៉ូលិសបាននោះ អ្នកទាំងពីរបានប្តេជ្ញាចិត្តថា នឹងដោះស្រាយបញ្ហារបស់ពួកគេឱ្យកាន់តែមានភាពអត់ឱនឱ្យគ្នានៅពេលអនាគត៕khmernote