នៅ​វេលា​ម៉ោង​ ១២និង៣០​នាទីរំលងអាធ្រាត​ ឈាន​ចូល​ថ្ងៃទី​២៥ ​ខែ​ឧសភា​ ឆ្នាំ​២០១៨ នគរបាល​ក្រុង​ព្រះសីហនុ​បាន​បង្រ្កាប​ស្រី​ទំនើង​២ក្រុម​ ដែល​មាន​គ្នា​ចំនួន​៩​នាក់​ បាន​បង្ក​ហិង្សា​វាយ​តប់​គ្នា​ តាម​ទី​សាធារណៈ​ ក៏ព្រោះតែរឿងដណ្តើមប្រុស។ យោងតាមសម្តីរបស់លោក​អធិការ​នគរបាល​ក្រុងព្រះសីហនុ ​បាន​បញ្ជាក់​ថា យុវតីទាំង២ក្រុមនេះ មួយក្រុមមានគ្នា ៣នាក់ និងម្ខាងទៀតមានគ្នា៦នាក់ បានធ្វើការឆាតនៅក្នុងហ្វេសប៊ុកដោយធ្វើការណាត់ជួបគ្នា រហូតដល់២ថ្ងៃជាប់គ្នា ក៏ព្រោះតែរឿងដណ្តើមប្រុស។

ដោយណាត់គ្នាយប់លើកទីមួយនៅ​ឆ្នេរ​អូរ​ឈើទាល​  និងលើកទីពីរនៅថ្ងៃទី២៥ ខែឧសភា នៅ​រង្វង់​មូល​ត្រី​ផ្ទោង​ មុខ​សាលា​អនុ​វិទ្យាល័យ​សម្តេច​ឪ​ ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទាំងក្រុមយកមកអប់រំ​ នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង និងឲ្យធ្វើពលកម្ម ​ធ្វេី​កិច្ចសន្យា​ ឲ្យ​អ្នក​អាណា​ព្យាបាល​ មក​ធានា​យក​ទៅ​ អប់រំ​បន្ត​៕