កាលពីល្ងាចថ្ងៃទី ២៥ ឧសភាម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្ររវាងរថយន្តប្រភេទដឹកទំនិញធុនធំ និងវីហ្គោ បណ្ដាលឲ្យមានមនុស្សរបួស និងស្លាប់ចំនួន ៦នាក់ ឯជនបង្ករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។
ក្រោយគ្រោះថ្នាក់ដ៏សង្វេគ និងកក្រើកក្រុងភ្នំពេញនេះ អ្នកដំណើរធ្វើដំណើរកាត់តាមផ្លូវនោះ បានទាញទូរសព្ទថតវីដេអូបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនជាច្រើនតក់ស្លុត អាណិតអាសូរពន់ពេក ពេលឃើញរថយន្តរងគ្រោះមានក្មេងតូចធំចំនួន ៣នាក់ ២នាក់ជាស្ត្រី និងម្នាក់ជាបុរសអ្នកបើកបរ។ ជាអកុសលកុមារមិនមានកំហុស ២នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត។
កុមារស្លាប់ទាំងពីរមានឈ្មោះ សិលា អាយុ៩ខែ និងឈ្មោះថៃ ឡុង អាយុ ៥ឆ្នាំជាក្មេងឆ្លាតរហ័សរហួន។ អ្វីកាន់តែធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើល មិននឹកស្មានលើសពីនេះទៀតនោះ គ្រួសារសាច់ញាតិរងគ្រោះបានអះអាងថា ទើបតែមានសមាជិកគ្រួសារបាត់បង់ជីវិតថ្មីៗ២នាក់សោះ ឥឡូវថែម ២នាក់ទៀត និងបានដឹងជាមុនហើយថា គ្រួសារនឹងមានក្មេងស្លាប់ទៀតក្នុងខែឧសភានេះ។
សាច់ញាតិគ្រួសាររងគ្រោះប្រើគណនីហ្វេសប៊ុកឈ្មោះ Tep Kimleang បានសរសេររៀបរាប់ដូច្នេះថា « ក្នុងគ្រួសារខ្ញុំ ហេតុអ្វីបានជាជួបរឿងវិប្បយោគ(ការព្រាត់ប្រាស់) មិនចេះចប់យ៉ាងនេះ បងថ្លៃទើបស្លាប់ ឯ អ៊ី ក៏ទើបតែស្លាប់មិនទាន់បាន២ខែផង ថ្ងៃនេះក្មួយជាទីស្រលាញ់សែនឆ្លាត បានជួបរឿងអកុសលទៀត។ តើអ្នកណាមិនរន្ធត់ …ខំរៀបចំផ្ទះអស់ហើយ តាមការទស្សន៍ទាយរបស់គ្រូខ្មែរក៏ដូចជាចិនសែ ថាខែ ៥នេះ នឹងមានគ្រោះ ថ្នាក់ក្មេងម្នាក់ទៀត ឥឡូវចៀសមិនផុតមែន តើអោយខ្ញុំធ្វើម៉េចទៀត»? សំណេរនេះបានធ្វើឲ្យគេក្ដុកក្ដួលចិត្តយ៉ាងខ្លាំង និងចែករំលែកបន្តជាច្រើន។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់ខាងលើបង្កឡើង ដោយរថយន្តធំ ហ៊ីយ៉ាន់ដាយ បានបើកបុករថយន្ត វិហ្គោ យ៉ាងពេញទំហឹងបណ្តាលឲ្យអូសប្រមាណ ១០ម៉ែត្រនៅក្នុងនោះមានមនុស្សប្រុសស្រីក្មេងចាស់ ៦នាក់បានរងរបួសធ្ងន់ និងស្លាប់ចំនួន ២នាក់។
មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហុន 3A-0830 ជាប្រភេទរថយន្តដឹកទំនិញ បានបើកបរក្នុងទិសដៅពីលិចមកកើត ខណៈ ពេលជិះមកដល់ចំណុចត្រង់ផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្កបានបើកបុកជាមួយរថយន្ត មួយគ្រឿងទៀត ម៉ាក វិហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-4733 យ៉ាងបំពេញទំហឹងបណ្តាលឲ្យអូសរថយន្ត វិហ្គោ ប្រមាណ១០ម៉ែត្រ ហើយមានមនុស្សគាបជាប់ក្នុងរថយន្ត។ ភ្លាមៗនោះ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយបន្សល់តែរថយន្តនៅហ្នឹងកន្លែងងកើតហេតុ។
ប្រជាពលរដ្ឋដែលនៅជិតនោះ បាននាំគ្នាជួយសង្គ្រោះ រួចបានហៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅមន្ទីរ។ ខណៈពេលដែលដឹកជនរងគ្រោះទៅមន្ទីរពេទ្យនោះ ជាអកុសល ត្រូវបានស្លាប់បាត់បង់ជីវិតក្មេងចំនួន ២នាក់ និងមនុស្ស ៤នាក់ទៀតកំពុងស្ថិតនៅក្នុងការជួយសង្គ្រោះរបស់គ្រូពេទ្យ។
អ្នកបើកបរឈ្មោះប៉ុន វាសនា ភេទប្រុស អាយុ៣១ឆ្នាំ(របួសធ្ងន់)មានទីលំនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរជាមួយ ៥នាក់ ទី១ឈ្មោះសាន ថៃឡុង ភេទប្រុស អាយុ ៥ឆ្នាំ ទី២ឈ្មោះ ស្រេង ស្រីនូ ភេទស្រី អាយុ ៣២ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី៣ឈ្មោះបាន សុខសិលា ភេទប្រុស អាយុ ៩ខែ ទី៤ឈ្មោះលុច្ស អាយុ ៣ឆ្នាំនឹងអ្នករួមដំណើរ១នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
ក្នុងករណីនេះផងដែរបណ្តាលឲ្យ ខូចខាតរថយន្តធ្ងន់ចំនួន ០២គ្រឿង។ មូលហេតុមកពីអ្នកបើកបររថយន្ត Hyundai បើកបរខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រង់ចាំដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕
អត្ថបទទាក់ទង៖