ភ្នំពេញ ​៖​ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ត្រូវជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​តារា​សម្តែង​ជើងចាស់​ផង​នោះ ​បាន​ផ្ទុះ​កំហឹង​ពន្លះ​មិន​សំចៃមាត់​លើ​បុគ្គល​មួយចំនួន​ដែល​មិន​មើលឃើញ​ពី​តម្លៃ​របស់​តារា​សិល្បៈ​ខ្មែរ​ ដែល​ខំ​លះបង់​គ្រប់​កម្លាំងកាយ​ចិត្ត​ដើម្បី​ចូលរួម​លើ​ការ​លើកកម្ពស់​មុខមាត់​ប្រទេសជាតិ។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​អ្នក​នាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​សារ​បង្កប់ន័យ​ថា​ថ្ងៃក្រោយ​ចាំ​ទុក! ​អ្នកណា​អោយ​តម្លៃ​ចាំ​ចូលរួម អ្នកណា​មិនអោយ​តម្លៃ​ជៀស​អោយ​ឆ្ងាយ។ មិនមែនជា​រឿង​ងាយស្រួល​ទេ ​ដែល​ខំ​ប្រមូល​អ្នក​សិល្បៈ​ជួបជុំគ្នា​ម្តងៗ​អោយ​ចូល​រួម​ដោយ​គ្មាន​ប្រយោជន៍​ចំពោះ​ពួកគាត់ ដោយ​គិតថា​ដើម្បី​មុខមាត់​ប្រទេសជាតិ មិនបាន​ទទួល​កម្រៃ​ក៏​គ្នា​សុខចិត្ត ចំណាយពេល​វេលា​ក៏​គ្នា​ព្រម ដាច់​បាយ​ក៏​គ្នា​មិន​រអ៊ូ​ហាល​ក្តៅ​ក៏​គ្នា​មិន​ត្អូញ​ចូល​បន្ទប់ទឹក​រួម​មនុស្ស​រាប់​ម៉ឺន​នាក់​ក៏​គ្នា​មិន​ឆ្អើម។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្តថា​ តែ​សូម​ផ្តល់​តម្លៃ​ដល់​ពួកគាត់​ផង កុំ​យកចិត្ត​តែ​អ្នកល្បី​ពេក អ្នកល្បី​ខ្លះ​គេ​មិន​យល់មុខ​កម្មវិធី​ជាតិ​មិន​ជាតិ​នោះទេ ​បើ​គ្មាន​លុយ​គេ​ទៅ​ច្រៀង អយុត្តិធម៌​សម្រាប់​គ្នា​អ្នកសិល្បៈ​តូចតាច​ណាស់​ បើ​អ្នក​មិនអោយ​តម្លៃ​ពួកគាត់ តែ​ខ្ញុំ​អោយ​តម្លៃ​ពួកគាត់ ពួកគាត់​ជា​សរសៃឈាម​របស់​សមាគម​សិល្បករ​ខ្មែរ​ដែលមាន​ខ្ញុំ​ជា​ប្រធាន តែ​ការដែល​ពួកគាត់​ចូលរួម​នេះ​មិនមែន​ខ្ញុំ​ប្រើ​អំណាច​ជា​ប្រធាន​ទេ​គឺជា​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន​គ្នា​ដោយ​ទឹកចិត្ត។

តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ថែមថា​សមាគម​សិល្ប​ករ​ខ្មែរ​មិនមែន​សម្រាប់​ស្ថាប័ន​ផ្សេងៗ​ចង់​បោក​ប្រើ​ដើម្បី​ទាមទារ​ប្រយោជន៍​នោះទេ ផ្តល់​តម្លៃ​ដល់​សមាជិក​សមាជិការ​បស់​សមាគម​ផង​។​

សូមបញ្ជាក់ថា​ ការលើកឡើង​របស់​ប្រធាន​សមគម​សិល្បករ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ខាងលើនេះ​គឺធ្វើឡើង​បន្ទាប់ពី​មានការ​សរសេរ​រៀបរាប់​ពី​ម្ចាស់​Account Facebook មួយ​ដែល​បង្ហាញ​ពី​ផល​លំបាក​នៃ​ការចូលរួម​កម្មវិធី​ថ្នាក់ជាតិ​ថា​ម្សិលមិញ​ពិតជា​ហួសចិត្ត​ណាស់​ចេញ​លិខិតអញ្ជើញ​ក្រុម​របស់ខ្ញុំ​ឲ្យ​ទៅ​ចូលរួម​កម្មវិធី​ដ៏​ធំ​មួយ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ចូលរួម​ផងដែរ គាត់​ថា​មិនបាច់​មាន​ប័ណ្ណ​ចូលរួម​ក៏​គេ​ឲ្យ​ចូល​ដែរ​ហើយ​កន្លែង​អង្គុយ​នៅក្រោម​វេទិកា​សម្តេច​តែម្តង​កន្លែង​ហ្នឹង​ជា​កន្លែង VIP​។ ដល់ពេល​ខ្ញុំ​ទៅមុន​ម៉ោង​ដើម្បី​រៀបចំ​កន្លែង​ឲ្យ​បងប្អូន​សិល្បករ​យើង​អង្គុយ​អ្នកយាម​ថា​ចូល​អត់​បានទេ​បើ​អត់​មាន​ប័ណ្ណ​។​

ម្ចាស់​Account Facebook​ឈ្មោះ Long Sokiry បាន​និយាយទៀតថា ​ខ្ញុំ​ក៏​តេ​ទៅ​គាត់​ដើម្បី​យក​ប័ណ្ណ​មក​ឲ្យ​ខ្ញុំ ដល់ពេល​បាន​ប័ណ្ណ​ឲ្យ​ខ្ញុំ គាត់​ឲ្យ​តែ​២០​សន្លឹក​ទេ​ខ្ញុំ​ប្រាប់​គាត់​ថា​ក្រុម​ខ្ញុំ​មក​៤០​នាក់​ទើប​គាត់​ឲ្យ​២០​សន្លឹក​ទៀត ហើយ​ទៅរក​កន្លែង​អង្គុយ​ក្រុមយុវជន​គេ​ថាបើ​បង​មាន​ប័ណ្ណ VIP ទើប​អាច​អង្គុយ​កន្លែង​ហ្នឹង​បាន។ ​ខ្ញុំ​តេ​សួរ​គាត់ គាត់​ថា​ទៅ​អង្គុយ​ទៅ​គេ​មិនមែន​មក​ចូលរួម​ទាំងអស់គ្នា​ទេ​ខ្ញុំ​ថា​យី​បង​ឯង​ចេះ​ឲ្យ​ទៅ​អង្គុយៗ​យ៉ាងម៉េច​បើ​ម្ចាស់​កៅអី​គេ​មក​ដែរ​គេ​ដេញចេញ​មិន​ខ្មាស​គេ​ទេ​អី​? គាត់​ថា​ចាំ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​ឲ្យ​ក្រុម​បង​អង្គុយ​។​

ប្រភព​ដដែល​នេះ​បាន​បន្ថែមថា​ ដល់ពេល​រៀបចំ​កន្លែង​ឲ្យ​អង្គុយ​ឲ្យ​ទៅ​អង្គុយ​កន្លែង​ធម្មតា​វិញ នឹង​សំណាង​ហើយ​ដែល​ប្រធាន​ខ្ញុំ​ទាំង​២​គាត់​អត់​បានមក​ចូលរួម​បើ​គាត់​បានមក​ចូលរួម​វិញ​ដឹង​តែ​ត្រូវមាត់​បាត់​ព្រោះ​ខ្ញុំ​ជា​អ្នកសម្របសម្រួល​ការងា​រ​ហ្នឹង​ផង៕