លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានសរសេរវិភាគលើហ្វេសប៊ុកខ្លួន នៅល្ងាចថ្ងៃទី១៦ ឧសភា ថា លោកសម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ នឹងមិនវិលចូលមកកម្ពុជាវិញទេ ដោយលោកបានសំអាងលើហេតុផលចំនួន៥ ។
លោកថា ទី១. លោកសម រង្ស៊ី ធ្លាប់បានសន្យាថានឹងវិលមកកម្ពុជាវិញជាច្រើនលើកមកហើយ តែធាតុពិត លោកសម រង្ស៊ី បានត្រឹមសន្យាខ្យល់ដើម្បីប្រជាភិថុតមហាជនប៉ុណ្ណោះ ។ ទី២. កាលពីរចនាសម្ព័ន្ធ អតីតគណបក្សសង្គ្រោះជាតិនៅមាន លោកសម រង្ស៊ី បានលាលែង ហើយដេករង់ចាំមើលសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា ។
ទី៣. ភរិយារបស់លោក សម រង្ស៊ី នឹងមិនផ្តល់ឱកាសឱ្យគាត់បានវិលមកកម្ពុជាទេ ព្រោះអ្នកលេងនយោបាយនៅពីខាងក្រោយឆាក គឺប្រពន្ធរបស់គាត់ មិនមែនលោកសម រង្ស៊ីឡើយ ។ ទី៤. លោកសម រង្ស៊ី អាចធ្វើព្យុះភ្លៀងបានពេលខ្លួននៅក្រៅស្រុក តែពេលចូលក្នុងស្រុក ខ្លួនបានលើកជើងពានជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនវិញ ដូចជា ករណីវិសោធនកម្មរដ្ឋធម្មនុញ្ញពី២/៣ មក៥០+១, វិសោធនកម្មច្បាប់ក្រោយពេលបោះឆ្នោត, លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងឆ្នោតគាំទ្ររហូតដល់៨២,០៣% ។
ចំណុចទី៥. លោកថា លោកសម រង្ស៊ី គាត់នឹងមកកម្ពុជាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងមកចាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តើគាត់ចាប់ដោយរបៀបណា? ខណៈពេលនេះ លោកសម រង្ស៊ី ជាប់បណ្តឹងជាច្រើនករណី ដូច្នេះ រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់ ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរក្សានូវសណ្តាប់ធ្នាប់សង្គម ។
លោក សុខ ទូច បានបញ្ជាក់ថា ការបំផុសចលនាវិលចូលស្រុករបស់លោក សម រង្ស៊ី នេះ វាគ្រាន់តែជាសារមួយប្រាប់ទៅមហាជនថា លោកសម រង្ស៊ី មិនដេកលក់ទេ ហើយខ្លួនអាចធ្វើអាជីវកម្មក្នុងការប្រមូលថវិកា ពីការវិលចូលស្រុកនេះ ។
លោក សម រង្ស៊ី ជារឿយៗ បានសរសេរបញ្ជាក់អំពីគម្រោងវិលមកកម្ពុជាវិញ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានភ្ជាប់សារឱ្យពលរដ្ឋងើប ដណ្តើមយកកម្ពុជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ។ ជាងនេះទៅទៀត កាលពីថ្ងៃទី១០ ឧសភា លោកសម រង្ស៊ី បានថ្លែងតាមរយៈសរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងភ័យស្លន់ស្លោពីការវិលចូលស្រុករបស់លោក ។
យ៉ាងណាមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកមាស នី អ្នកវិភាគនិងតាមដានសង្គម បានផ្តល់បទសម្ភាសន៍ដល់វិទ្យុវាយោ កាលពីចុងសប្តាហ៍មុន ដោយបានអះអាងស្រដៀងៗគ្នាថា លោក សម រង្ស៊ី នឹងមិនវិលចូលស្រុក តាមការលើកឡើងរបស់ខ្លួនឡើយ ៕vayofm