ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ដោយមានស្លាកស្នាមរបួសដោយការវាយដំនឹងដំបងឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះសុង កង អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលមានប្រជាពលរដ្ឋដើរឆ្លងកាត់ទីតាំងកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសរងគ្រោះអណ្តែតនៅក្នុងទឹកស្រះ ទើបកើតមានការផ្អើលឆោឡោ រត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញភ្លាមៗដែរ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយមិនបានប្រាប់ដំណឹងដល់អ្នកផ្ទះថាចេញទៅណានោះទេ រហូតដល់យប់ជ្រៅនៅតែមិនឃើញត្រឡប់មកផ្ទះវិញទៀត ធ្វើឱ្យក្រុមគ្រួសារដើរតាមរកទាំងយប់ដែរ តែមិនឃើញ ទើបនាំគ្នាត្រឡប់មកសម្រាកសិន មុននឹងចេញដើររកនៅព្រឹកស្អែកបន្តទៀត។ ស្រាប់តែព្រឹកព្រលឹមឡើង ក៏មានអ្នកភូមិរត់មកប្រាប់ថា ប្រទះឃើញសពជនរងគ្រោះស្លាប់នៅក្នុងស្រះទឹក ទើបនាំគ្នាផ្អើលរត់ទៅមើល ក៏ប្រទះឃើញ ថាពិតជាសាកសពជនរងគ្រោះប្រាកដមែន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការចងខ្សែព័ទ្ធទីតាំងកើតហេតុ រួចទាក់ទងសុំអន្តរាគមន៍បន្តពីខាងជំនាញ។ លុះសមត្ថកិច្ចជំនាញចុះមកដល់ ក៏នាំគ្នាស្រង់យកសាកសពឡើងមកលើគោក ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ករណីនេះ គឺជាអំពើឃាតកម្ម ដោយជនរងគ្រោះត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់ រួចទម្លាក់ទឹកស្រះ។ ចំណែកពេលវេលាកើតហេតុ អាចកើតឡើងនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ រីឯនៅក្បែរទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញគល់ឈើទំហំប៉ុនកំភួនដៃ ប្រវែងជាងកន្លះម៉ែត្រ១ដើម នៅក្បែរនោះផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានឃាតករវាយនឹងគល់ឈើ បណ្តាលឱ្យស្លាប់ រួចទម្លាក់សពចូលទឹកស្រះ។ យ៉ាងណា មូលហេតុនៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ករណីនេះផ្តើមចេញពីគំនុំ ឬផ្តើមចេញពីបញ្ហាអ្វីផ្សេងនោះទេ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនដៃដល់ជាឃាតករ សមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវែកមុខ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

ដោយកោះនគរធំ