ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថត សម្ដេចតេជោ រួមទាំងឈ្មោះសម្ដេច ទៅបង្ហោះលើវេបសាយផ្ទាល់របស់ខ្លួន ហើយថែមទាំងបាននិយាយថា សម្ដេច ហ៊ុន សែន គឺជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុននេះ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។

យ៉ាងណាមិញ បន្ទាប់ពីឃើញបែបនេះរួចមក ក្នុងព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ យោងតាមរយៈអង្គភាពសារព័ត៍មាន Fresh News នាមុននេះបន្ដិច បានប្រាប់ឱ្យដឹងថា៖”សមត្ថកិច្ច និងមន្រ្តីធនាគារជាតិ បានចុះទៅបិទក្រុុមហ៊ុនខាងលើ ជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ហើយកម្លាំងនគរបាល ក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ ប្តីប្រពន្ធជាជនជាតិម៉ាឡេស៊ីផងដែរ ដើម្បីយកទៅសួរនាំ និងចាត់ការបន្តទៀត។”

យ៉ាងណាមិញ មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ នៃស្នងការនគរបាលជាតិ បានប្រាប់ឱ្យដឹងថា៖”ឥឡូវកម្លាំងរបស់យើង សហការជាមួយមន្រ្តីធនាគារជាតិ បានចុះឆែកឆេរ និងបានបិទអាជីវកម្មជាបណ្តោះអាសន្ន រួមទាំងឃាត់ខ្លួនប្រធានក្រុមហ៊ុន ទាំង២នាក់ប្តីប្រពន្ធជនជាតិម៉ាឡេស៊ី យកទៅសួរនាំចាត់ការបន្តទៀត។

ហើយពេលនេះកម្លាំងនគរបាល ក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ ប្តីប្រពន្ធជាជនជាតិម៉ាឡេស៊ីផងដែរ យកទៅសួរនាំដើម្បីចាត់ការបន្តទៀត។”គូសបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ វេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ផ្លូវការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប ចំពោះដំណឹងសន្ដិសុខជាតិបន្ទាន់មួយដែលមាន អត្ថន័យនិងខ្លឹមសារដូចតទៅ៖

”ដំណឹងសន្តិសុខជាតិបន្ទាន់ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។

ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List។

ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។ សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា”៕