(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងចំនួន៣រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧសហកម្ម និងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដើម្បីបញ្ជាក់មូលហេតុជុំវិញករណីពុល របស់ប្រជាពលរដ្ឋខេត្តក្រចេះ បណ្តាលឲ្យស្លាប់ជាច្រើននាក់កាលពីពេលថ្មីៗនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាទទួលស្គាល់រួមគ្នារបស់រដ្ឋមន្ត្រីទាំង៣បានបញ្ជាក់ថា «ការពុលនៅភូមិស្រែនន និងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្តាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុល កម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគី មានសារធាតុគីមី មានកំហាប់ខ្ពស់ ដែលបណ្តាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត»។

ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល និងក្រសួងសុខាភិបាល បានអះអាងថា ខ្លួននឹងបន្តសហការគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងជៀសវាងនូវបញ្ហាដែលកើតឡើងជាយថាហេតុ។

សូមរំលឹកថា កាលពីដើមខែឧសភានេះ ប្រជាពលរដ្ឋក្នុងភូមិចំនួននៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានកើតករណីពុលបណ្តាលឲ្យពលរដ្ឋ១៣នាក់ស្លាប់បាត់បង់ជីវិត និងជាង ២០០នាក់ផ្សេងទៀត ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ និងព្យាបាលផុតពីគ្រោះថ្នាក់ដល់អាយុជីវិត៕