ស្ត្រី​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​របួសធ្ងន់​ស្រាល​រវាង​ម៉ូតូ​បុក​ម៉ូតូ​

0
624

កណ្ដាលៈ​ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ និង​២​នាក់​ទៀត​របួសធ្ងន់​ស្រាល​ ។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​០៥​នាទី​ នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១B​ ស្ថិត​ក្នុងភូមិ​វត្ត​កណ្តាល​ ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​។​

​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ សែ​ វួ​ច​ឡាក់​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​វត្ត​កណ្តាល​ ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ គប់​ជ្រុង​ធុន​សេ​៩០​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ 1J-8555​ ។​ ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀយ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CM​ 4734​ បើកបរ​ដោយ​ឈ្មោះ​ ផា​ រ៉េ​ម​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កសិករ​(​របួសធ្ងន់​)​ រួម​ដំណើរ​ជាមួយ​ឈ្មោះ​ មាន​ ផល្លា​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កសិករ​ (​របួសស្រាល​)​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ មាន​ទីលំនៅ​ភូមិ​ពោធិ៍​អណ្តែត​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​ ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង​គ្រោះ​ស្ត្រី​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​បេ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បត់​ឆ្លងផ្លូវ​ដោយ​មិន​បាន​មើលមុខមើលក្រោយ​នោះ​ទេ​ ខណៈនោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ច្រាស់ទិស​គ្នា​ឈប់​មិន​ទាន់​បាន​បុក​ពេញ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ រីឯ​អ្នក​ជិះ​ម៉ូតូ​២​នាក់​ទៀត​ទទួល​រង​របួសធ្ងន់​និង​ស្រាល​ ។​

​ ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​វាស់វែង​កន្លែង​កើតហេតុ​ និង​កសាង​ឯកសារ​ដកហូត​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​