ភ្នំពេញ៖កម្ពុជាបានធ្វើការអំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគនេប៉ាល់ ដែលមិនទាន់បានមកកម្ពុជា សូមអញ្ជើញមកសិក្សា ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ច នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងទាញយកផលប្រយោជន៍ជាអតិបរមា ពីកិច្ចសហប្រតិបត្តការ ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។

នេះជាការគូសបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុង វេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ។

ជាការឆ្លើយតប លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិតេយ្យនេប៉ាល់ បានលើកឡើងថា លោកបេ្តជ្ញាបង្កើត ភាពជាដៃគូរឹងមាំ ជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។

គួរជម្រាបជូនថា បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា និងនេប៉ាល់នៅមានកម្រិតតិចតួចបំផុត។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរសម្រេចបាន ទឹកប្រាក់ ២៥៥ពាន់ដុល្លារអាមេរិក ខណៈឆ្នាំ ២០១៧ មានត្រឹមតែ ២១០ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ពោលធ្លាក់ចុះ ១៧.៦% បើធៀបនឹងឆ្នាំ ២០១៦៕