ត្បូងឃ្មុំ​៖រយៈពេល​១២ថ្ងៃ​ គិតចាប់ពីថ្ងៃទី​៩​ ដល់ថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ មានប្រជាពលរដ្ឋ​ចំនួន​ ១៧០គ្រួសារ​ បានរងគ្រោះ​ដោយសារ​បាតុភូត​ខ្យល់កន្រ្តាក់​ នៅស្រុកពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​ ។

របាយការណ៍​ពី​លោក លី សុភាលីន អភិបាលស្រុកពញាក្រែក​ បានឱ្យ​ដឹងថា​ កាលពីថ្ងៃទី៩ ខែឧសភា មានប្រជាពលរដ្ឋចំនួន១៩គ្រួសារ​ បានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំផ្ទះ របើកដំបូល ខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន​ ។

លុះដល់ថ្ងៃទី១០ ខែឧសភា ក៏មានករណីភ្លៀងលាយឡំនឹងខ្យល់កន្រ្ដាក់យ៉ាងខ្លាំង បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ១៥១គ្រួសារ​ បន្ថែមទៀត ទទួលរងគ្រោះពីបាតុភូតនេះ ។

លោក​ បញ្ជាក់ថា​ ប្រជាពលរដ្ឋ​ ១៧០គ្រួសារ​ ដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ ក្នុងនោះនៅឃុំកោងកាងចំនួន ១៤៧គ្រួសារ ធ្ងន់ធ្ងរ ១០គ្រួសារ បណ្ដាលឱ្យកុមារាចំនួន ២នាក់ រងរបួស, ឃុំកណ្ដោលជ្រុំចំនួន ៦ គ្រួសារ, ឃុំវាលម្លូរចំនួន ៩ គ្រួសារ ធ្ងន់ធ្ងរ ១ គ្រួសារ, ឃុំដូនតីចំនួន ១ គ្រួសារ ធ្ងន់ធ្ងរ ១ គ្រួសារ, ឃុំពពេលចំនួន ៤ គ្រួសារ និងឃុំត្រពាំងផ្លុងចំនួន ៣ គ្រួសារ ធ្ងន់ធ្ងរ ១ គ្រួសារ ។

នៅថ្ងៃទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៩​ នេះ​ លោក​ វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខ​ ៕ CR: cpc-news