គូស្នេហ៍​ទើប​ភ្ជាប់ពាក្យ​មួយគូ កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​កម្ពុជា បន្ទាប់​ពី​កូនក្រមុំ​ទម្លាយ​ប្រវត្តិ​ស្នេហ៍​ដ៏​យូរ​ឆ្នាំ​លើ​គណនី​ហ្វេ​ស​ប៊ុកខ្លួន ជាមួយ​លោកគ្រូ​ម្នាក់​ដែល​តែងតែ​ស្ដីឲ្យ​ខ្លួន​ព្រោះ​តែ​ខ្លួន​ចូល​ចិត្ត​និយាយ​ស្ដី កំប្លុកកំប្លែង​ច្រើន​។​

ស្នេហា​អ្នក​ទាំង​ពីរ​មាន​រយៈពេល​ដល់​ទៅ ៤​ឆ្នាំ​ក្នុង​ការ​មើលចិត្ត​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​កម្រ​នឹង​បញ្ចេញ​ឲ្យ​មិត្តភ័ក្ដិ និង​គ្រួសារ​ដឹង​ណាស់ រហូត​ដល់​ថ្ងៃ​ភ្ជាប់ពាក្យ​ទើប​ធ្វើឲ្យ​គេ​ភ្ញាក់ផ្អើល​តែម្ដង​។ តាមរយៈ​ការ​បង្ហោះ​របស់​កូនក្រមុំ​មាន​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Sen Darapkay បាន​សរសេរ​រៀបរាប់​ទាំង​ស្រុង​លាយឡំ​ជាមួយ​ឃ្លា​បែប​ត្លុក​កំប្លែង​ថា​៖

​ស្នេហា​គ្រូ និង​សិស្ស​៖ នៅពេល​គេ​សួរថា ពីរ​នាក់​នឹង​ជួប​គ្នា​យ៉ាង​ម៉េច​នឹង​? ខ្ញុំ​ញញឹម​ខ្ចឹប ហើយ​ឆ្លើយ​ថា គាត់​គឺជា​គ្រូ​ខ្ញុំ ហើយ​គេ​សួរ​ទៀតថា ម៉េច​បាន​ស្រឡាញ់​គ្នា​ចឹង​? ចម្លើយ​នោះ​គឺ ខ្ញុំ​ជា​សិស្ស​ចូលចិត្ត និយាយ​ច្រើន​អត់​បាន​ការ ហើយ​គាត់​វិញ​ស្តីអោយ​ខ្ញុំ​រហូត ខឹង​ចិត្ត​ពេក ញ៉ែ​គ្រូ​យក​ធ្វើ​សង្សារ​មួយ​អោយ​រាង កុំ​ចេះតែ​ហ៊ាន​។​

​រំលឹក​ដល់​ថ្ងៃនេះ កាលពី ៤​ឆ្នាំមុន ថ្ងៃ​ដែល​ទើបតែ​ស្រឡាញ់គ្នា​ដំបូង គឺ​ពួកយើង​ចាប់ផ្តើម​ដោយ គ្មាន​ក្តីសង្ឃឹម​សោះ​ថា​នឹង​មកដល់​ថ្ងៃនេះ ព្រោះ​ពួក​យើង​នៅ​ឋានៈ​ខុស​គ្នា​ណាស់ បង​ជា​គ្រូ បង​មាន​អាយុ​ច្រើនជាង​អូន​។ ចំណែក​អូន ជា​សិស្ស​ដែល​និយាយ​ច្រើន ជេ អឹម ហើយ​អា​ឡិក អា​ឡក់ គ្មាន​ដឹង​ខ្យល់​សោះ​មិនគួរណា បង​គ្រូ​ស្រឡាញ់​អូន​សោះ​។ ផ្តើម​ដំបូង ពួក​យើង​មាន​ការភ័យខ្លាច ខ្លាច​គេ​ដឹង មិន​ហ៊ាន​ផុស​រូប​ជាមួយគ្នា​ទេ ពេលខ្លះ​អូន​ក៏​អន់ចិត្ត​ដែរ បង​មិន​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា​ពួក​យើង​គឺ​ជា​សង្សារ​នឹង​គ្នា ប៉ុន្តែ​យូរៗ​ទៅ​ការភ័យខ្លាច​ក៏​រំសាយ​បន្តិច​ម្តង ដោយ​ក្តីស្រឡាញ់​ដែល​មាន​លើ​ចំណង​ស្នេហ៍​មួយ​នេះ​។​

​រហូតមកដល់​ថ្ងៃ ២១ ខែ​ធ្នូ ឆ្នាំ ២០១៧​ បង​ក៏​បាន​បង្ហាញ ប្រាប់​មនុស្ស​គ្រប់គ្នា​ថា បង​ស្រឡាញ់​អូន បង​មិន​មែន​ជា​សង្សារ តែ​បង​ជា​គូ​ដណ្តឹង ជា​អនាគត ស្វាមី​អូន បង​ផ្តល់​កិត្តិយស​ដល់​អូន និង គ្រួសារ​ក្នុង​នាម​ជា​កូនប្រុស​។ អរគុណ​ដែល ស្រឡាញ់​អូន អរគុណ​ដែល​ស្រឡាញ់ ក្មេងស្រី អាឡិ​កអាឡ​ក់​ម្នាក់​នេះ កាលពី ៤​ឆ្នាំមុន ។ អរគុណ​ដែល​ស្រឡាញ់​អូន ក្នុងពេល​ដែល​មនុស្ស​គ្រប់រូប មើល​មិន​ឃើញ​ពី​ភាព​ល្អ​របស់​អូន អរគុណ​ដែល​ទទួល​គ្រប់​អារម្មណ៍​របស់​អូន​ទៅលើ​បង អរគុណ​ដែល​ទ្រាំ​ជាមួយ កូនទោល​ហើយ​ក្បាលរឹង​ដូចជា​អូន​។​

​អូន​ស្រឡាញ់​បង​ស្រឡាញ់​បង​តែ​ម្នាក់ តាំងពី ៤​ឆ្នាំមុន មកដល់​ថ្ងៃនេះ និង​ជា​រៀង​រហូត​ទៅ​។ ហើយ​ចុងក្រោយ ក៏​អរគុណ​ដល់​ទីប្រឹក្សា​ទាំងអស់​ដែល​ជួយ​ជ្រោមជ្រែង​ពួកយើង​កន្លងមក​។ សេន ដា​រ៉ា​ផ្កាយ ផន សីហា (​គណនេយ្យ ប៉ះ អាយ​ធី​)៕ (សម្រួល​អត្ថបទ៖ Morning Fresh)