កម្មកររោងចក្ររូបអាក្រក់ស្រឡាញ់ភេទដូចគ្នា ក្រោយទទួលការវះកាត់កែសម្ភស្សសូម្បីតែម្ដាយក៏មើលមិនស្គាល់

0
832

បុរស​ជនជាតិ​ថៃ​វ័យក្មេង​ម្នាក់ បាន​ធ្វើ​ឲ្យ​ម្ដាយ​ភ្ញាក់ផ្អើល​រំជួលចិត្ត​និយាយ​មិន​ចេញ​ជាមួយ​មុខមាត់​ថ្មី​ដ៏​ស្រស់​សង្ហា បន្ទាប់​ពី​កែ​សម្ផស្ស​ជាច្រើន​ដង​ក្នុង​កម្មវិធី​ទូរទស្សន៍ Let Me In Thailand ដែល​ទិញ​សិទ្ធិ​ពី​កូរ៉េខាងត្បូង និង​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ថៃ វ៉ើក​ផ​យ (Workpoint)​។​

កូនប្រុស​នេះ​មានឈ្មោះ ណុប​ចិត អាយុ ២២​ឆ្នាំ ជា​កម្មករ​រោងចក្រ តែងតែ​មាន​ក្ដី​សុបិន​ចង់​បាន​ការផ្លាស់ប្ដូរ​មុខមាត់​ពី​ចង្កា​វៀច​ដែល​ធ្វើឲ្យ​គាត់​ពិបាក​ទំពារ​អាហារ និង​មាន​ស្នាម​អុច​ខ្មៅ​ពេញមុខ​។ លោក​មាន​ការ​ខ្មាសអៀន​នឹង​សម្រស់​មិន​ប្រក្រតី​របស់​ខ្លួន ណុប​ចិត តែងតែ​នៅ​ឲ្យ​ឆ្ងាយ​ពី​មិត្ត​រួម​ការងារ និង​ហូប​បាយ​តែម្នាក់ឯង​ពេល​ម៉ោង​សម្រាក​។​

​លោក ណុប​ចិត ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទទួល​ការវះកាត់​កែសម្ផស្ស​នៅ​ប្រទេស​កូរ៉េខាងត្បូង សម្រាប់​កម្មវិធី Let Me In រដូវ​កាល​ទី​បី​ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។ ដើម្បី​បំពេញ​បំណង​តាម​ការចង់បាន​របស់​ខ្លួន គេ​ទទួលបាន​ការវះកាត់​ថ្គាម ថ្ងាស ភ្នែក និង​ការព្យាបាល​ស្បែក​កម្ចាត់​ស្នាម​ជាំ​អុច​ខ្មៅ​។​

​បន្ទាប់​ពី​សម្ងំ​ព្យាបាល​រយៈពេល ៣​ខែ​នៅ​កូរ៉េ លោក​ណុប​ចិត មាន​គម្រោង​ជួប​ម្ដាយ​របស់​ខ្លួន​ជា​លើកដំបូង​នៅ​ភោជនីយដ្ឋាន​សំណព្វចិត្ត​ពួកគេ​។ អ្នក​រៀបចំ​កម្មវិធី​បាន​ឲ្យ​ម្ដាយ​អង្គុយ​ម្នាក់ឯង ហើយ​កូនប្រុស​គាត់​ទៅ​អង្គុយ​ក្បែរ​នោះ តែ​គាត់​ហាក់​មិន​អាច​ចំណាំ​កូនប្រុស​ខ្លួន​បាន​ឡើយ​។​

​អ្នក​រៀបចំ​បាន​បំពាក់​មេក្រូ​ឲ្យ​គាត់​បញ្ចេញ​អារម្មណ៍​ចំពោះ​កូន គាត់​និយាយ​ថា “​ខ្ញុំ​នឹក​កូន​ខ្លាំងណាស់​។ ខ្ញុំ​មិនមែន​សម្ដែង​ទេ​”​។ រួច​ទឹកភ្នែក​ចាប់ផ្ដើម​ហូរ​ខ្លាំង​។ បន្តិចក្រោយមក កូនប្រុស​អង្គុយ​ក្បែរ​នោះ បាន​ស្ទុះ​ងើប​ចេញ​ពី​កៅអី​ដើរ​សំដៅ​ទៅ​រក​ម្ដាយ​ទាំង​ញញឹមញញែម​។ ម្ដាយ​ចាប់ផ្ដើម​យំ​ទាំង​ក្ដុកក្ដួល​។​

​កូន​បាន​សួរ​ម្ដាយ​ថា “​ម៉ាក់ ម៉ាក់​ចំណាំ​កូន​បាន​ទេ​? មើល​មក​ខ្ញុំ​មើល៍​។ ម្ដាយ​ឆ្លើយថា “​តើ​ពិត​ជា​កូនប្រុស​មែន​ទេ​? ដំបូង​ម្ដាយ​ហាក់​មិនសូវ​ជឿ​ទាំងស្រុង​ទេ ទោះ​កូនប្រុស​នេះ​និយាយ​ឆ្លើយឆ្លង​ជាមួយ​ក៏ដោយ​។ ម្ដាយ​បាន​សុំ​មើល​ស្លាកស្នាម​ដៃ និង​ជើង ទើប​ជឿ​ទាំងស្រុង​តែ​ម្ដង​។