ព្រះសីហនុ៖នគរបាលខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនជាតិចិនម្នាក់​ ពាក់ព័ន្ធករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ កាលពី​វេលា​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ នៅ​ចំណុច​ក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ ។

នគរបាល​ បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នេះ​ ថា​ កម្លាំងផែនព្រហ្មទណ្ឌជិះម៉ូតូល្បាតក៏បានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូ មើលទៅគួរឲ្យសង្ស័យបានឃាត់សួរនាំ​ ពិនិត្យម៉ូតូនិងឈានទៅឆែកផ្ទះជួលស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិក ហាងម៉ាស្សា ។

ដកហូតបានវត្ថុតាង ម៉ូតូ​មួយ​គ្រឿង​ ម្សៅ​ក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន៣២កញ្ចប់តូច​ ,​ ថ្នាំញៀនម៉ាក WY ៣២គ្រាប់​ ,​ បារីសង្ស័យមានសារធាតុញៀន១០ដើម​ ,​ ទូរស័ព្ទដៃមួយគ្រឿង​ លាក់ទុកក្រោមកែបម៉ូតូ ,​ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣កញ្ចប់ធំ​ ,​ ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូងខេត្ត​ព្រះសីហនុ​ ចាត់ការតាមច្បាប់ ៕ ប្រភព: cpc-news