ប្រជាពលរដ្ឋ​ជាទូទៅ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលមាន​ការយល់ដឹង​ពី​បញ្ហា​សង្គមជាតិ បាន​ផ្ទុះ​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​បានឃើញ​លិខិត​១​ច្បាប់​របស់​ក្រុមទ្រីភាព កាលពីពេល​ថ្មីៗ​នេះ បាន​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល ដើម្បី​អនុញ្ញាត​ចុះ​សិក្សា បូម​ស្តារ និង ធ្វើ​ច្រាំង​ទន្លេមេគង្គ​ចាប់ពី​ចំណុច​មាត់ច្រក​ព្រំដែន​កម្ពុជា វៀតណាម (​ក្អម​សំណ​) រហូតដល់​ចំណុច​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្តកំពង់ចាម ក្រចេះ និង ទន្លេបាសាក់ ។​

​ទោះជា​យ៉ាងណា នៅក្នុង​លិខិត​មួយ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​០៧ ឧសភា ឆ្នាំ ២០១៩ ដោយ​លោក ជ្រា សុចិ​ន្តា រដ្ឋលេខាធិការ​ទីស្ដីការគណរដ្ឋមន្ត្រី ដាក់​ជម្រាបជូន​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​បញ្ជាក់ថា ករណី​ក្រុមហ៊ុន​ទ្រី​ភាព អេ​ន​ជី​នា​វី​&​ខន​ស្ត្រា​កសិន គោរព​ស្នើសុំ​គោល​ការអនុញ្ញាត​ចុះ​សិក្សា បូម ស្ដារ និង​ធ្វើ​ច្រាំ​ទន្លេមេគង្គ ចាប់ពី​ចំណុច​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម (​ក្អម​សំណ​) រហូតដល់​ចំណុច​ភូមិសាស្ត្រ​ខេត្តកំពង់ចាម ក្រចេះ និង​ដង​ទន្លេបាសាក់ រាជរដ្ឋាភិបាល​សម្រេច​ជូន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្ដល់​មតិ ។​

​ទន្ទឹមនឹង​ការស្នើសុំ​ពី​ក្រុមហ៊ុន​ទ្រី ភាព ដើម្បី​ចុះ​សិក្សា បូម​ស្តារ និង ធ្វើ​ច្រាំង​ទន្លេមេគង្គ​នេះ ឃើញថា មានប្រតិកម្ម​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ ដោយ​ក្នុងនោះ ពួកគាត់​ម្នាក់​បានលើកឡើង​ហេតុផល​ថា ការ​បូ​ប​ខ្សាច់ ឬ ស្តារ​ទន្លេ​នេះ វា​មិនមែនជា​រឿង​ល្អ​នោះទេ ប្រសិនបើ​មិនមាន​ការសិក្សា​ឱ្យបាន​ច្បាស់លាស់​ជាមុន​ទេនោះ ព្រោះ​វា​អាចធ្វើឱ្យ​បាក់ស្រុត​ច្រាំងទន្លេ និង ប៉ះពាល់​ដល់ផ្ទះ​សម្បែងរ​បស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​នោះ ៕

​ទាក់ទង​បញ្ហា​នេះ តើ​ប្រិយមិត្ត​មាន​យោបល់​យល់ឃើញ​យ៉ាងណាដែរ​?​