(កំសាន្ដបែបអប់រំ)ខាងក្រោមនេះគឺជាអ្វីដែលនារីក្មេងស្រស់ស្អាតម្នាក់បង្ហោះលើវេបសាយរើសគូណាត់ ដើម្បីរកស្វាមីជាអ្នកមានម្នាក់។
ខ្ញុំនិយាយនេះគឺនិយាយស្មោះអស់ពីដួងចិត្ត។ ខ្ញុំអាយុ ២៥ ឆ្នាំនេះ។ ខ្ញុំមានសម្រស់ស្អាតផូរផង់ ស្លៀកពាក់ស្អាតបាត និងពូកែសម្តី។ ខ្ញុំចង់រៀបការជាមួយបុរសដែលមានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៥០០.០០០ ដុល្លារក្នុងមួយឆ្នាំ ឬច្រើនជាងនេះ។ អ្នកប្រហែលជាគិតថាខ្ញុំលោភលន់ ប៉ុន្តែប្រាក់បៀវត្សរ៍ ១ លានដុល្លារក្នុងមួយឆ្នាំនៅបុរីញូវយ៉កគឺគ្រាន់តែជាមនុស្សលំដាប់មធ្យមប៉ុណ្ណោះ។
ការទាមទាររបស់ខ្ញុំមិនជ្រុលពេកនោះទេ។ តើមាននរណាម្នាក់ក្នុងវេបសាយគូណាត់នេះមានប្រាក់ចំណូល ៥០០.០០០ ដុល្លារក្នុងមួយឆ្នាំដែរទេ? តើអ្នកទាំងអស់គ្នារៀបការរួចអស់ហើយមែនទេ? ខ្ញុំចង់សួរមួយ តើខ្ញុំគួរធ្វើយ៉ាងណាទើបអាចរៀបការជាមួយមនុស្សអ្នកមានដូចជាអ្នកទាំងអស់គ្នា?
ក្នុងចំណោមមនុស្សដែលខ្ញុំធ្លាប់ណាត់ជួប អស់ធំគឺរកបានត្រឹម ២៥០.០០០ ដុល្លារក្នុងមួយឆ្នាំ។ ខ្ញុំដើររកបានអស់ធំគឺត្រឹមអ្នកមានចំណូលប៉ុនហ្នឹងឯង។
ប្រសិនបើចង់រើផ្ទះទៅនៅម្តុំភាគខាងលិចឧទ្យានបុរីញូវយ៉ក ត្រឹមប្រាក់ចំណូលប្រចាំឆ្នាំ ២៥០.០០០ ដុល្លារគឺមិនគ្រប់គ្រាន់ឡើយ។
ខ្ញុំសូមបន្ទាបកាយសួរបីបួនសំណួរ៖
១. តើកំលោះអ្នកមានៗចូលចិត្តដើរលេងម្តុំណា? (សូមសរសេរឈ្មោះពួកគាត់ អាសយដ្ឋានបា រង្គសាល ភោជនីយដ្ឋាន និងកន្លែងហាត់ប្រាណដែលគាត់ឧស្សហ៍ទៅ)
២. តើខ្ញុំគួរទាក់ទងអ្នកមានអាយុខ្ទង់ប៉ុន្មានទើបសម?
៣. ហេតុអ្វីប្រពន្ធអ្នកមានមើលទៅមិនសូវស្អាត ហើយម៉េចក៏ពួកនាងបានរៀបការជាមួយអ្នកមាន?
៤. តើបងៗទាំងអស់គ្នាសម្រេចចិត្តរើសប្រពន្ធរបៀបណា ហើយតើមនុស្សស្រីរបៀបណាដែលបងៗចង់យកមកធ្វើជាសង្សារ? (គោលបំណងរបស់ខ្ញុំឥឡូវនេះគឺចង់តែរៀបការជាមួយអ្នកមានប៉ុណ្ណោះ)
ពីនាងខ្ញុំ កញ្ញា ស្អាត (Ms. Pretty)
——————————————————————————-
នាយកប្រតិបត្តិក្រុមហ៊ុន J.P. Morgan បានឆ្លើយតបដូចខាងក្រោម៖
ជូនកញ្ញាស្អាត
ខ្ញុំបានអានផុសរបស់នាងជាមួយនឹងការចាប់អារម្មណ៍ខ្លាំងជាទីបំផុត។ ខ្ញុំទាយថាមានមនុស្សស្រីច្រើនណាស់ដែលចង់សួរសំណួរដូចជានាង។ សូមអនុញ្ញាតឱ្យខ្ញុំវិភាគសា្ថនភាពនាងក្នុងនាមជាអ្នកវិនិយោគអាជីពមួយរូប។
ប្រាក់ចំណូលរបស់ខ្ញុំគឺច្រើនជាង ៥០០.០០០ ដុល្លារក្នុងមួយឆ្នាំ ដែលត្រូវម៉ាច់នឹងលក្ខខណ្ឌចង់បានរបស់នាង ដូច្នេះខ្ញុំសង្ឃឹមថាគ្រប់គ្នាមិនប្រកាន់ដែលខ្ញុំចំណាយពេលខ្ជះខ្ជាយនៅទីនេះ។
តាមទស្សនៈជាអ្នករកស៊ីម្នាក់ រៀបការជាមួយនាងគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុត។ ចម្លើយគឺងាយស្រួលទេ ដូច្នេះខ្ញុំសូមបកស្រាយដូចតទៅ។
សូមទុកព័ត៌មានលម្អិតរបស់នាងនៅដាច់ដោយឡែក។ អ្វីដែលនាងកំពុងព្យាយាមធ្វើគឺដោះដូរ “សម្រស់” និង “លុយដុល្លារ”។ មនុស្ស A ផ្តល់សម្រស់ និង មនុស្ស B ទិញសម្រស់ ដូច្នេះវាជាការដោះដូរដ៏យុត្តិធម៌មួយ។
ទោះយ៉ាងណា មានបញ្ហាធ្ងន់ធ្ងរមួយត្រង់ចំណុចនេះ។ សម្រស់របស់នាងមិនអាចចាំជារៀងរហូតបានទេ ប៉ុន្តែលុយខ្ញុំមិនមែនចំណាយដោយគ្មានហេតុផលទេ។ និយាយដោយស្មោះ លុយខ្ញុំអាចកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែសម្រស់នាងមិនអាចស្អាតពីមួយឆ្នាំទៅមួយឆ្នាំបានទេ។
ហេតុនេះហើយបើផ្អែកលើគំនិតសេដ្ឋកិច្ចវិញ ខ្ញុំគឺជាទ្រព្យសកម្មដែលរំលស់កើនតម្លៃ ប៉ុន្តែនាងជាទ្រព្យសកម្មដែលមានរំលស់ថយតម្លៃ។ សម្រាប់នាង វាមិនមែនជារលស់ធម្មតាទៀត វាជារំលស់អិចស្ប៉ូណង់ស្យែល។ ប្រសិនបើវាជាទ្រព្យសកម្មតែមួយគត់របស់នាង វានឹងថយតម្លៃអាក្រក់បំផុតនៅ ១០ ឆ្នាំក្រោយ។
តាមពាក្យបច្ចេកទេសនៅសង្កាត់ពាណិជ្ជកម្ម Wall Street គ្រប់ជំនួញទាំងអស់សុទ្ធតែមានស្ថានភាពជួញដូររបស់វា។ ការទាក់ទងជាមួយនាងក៏មាន “ស្ថានភាពជួញដូរ” ដូចគ្នា។
ប្រសិនបើតម្លៃជួញដូរធ្លាក់ចុះ យើងនឹងលក់វាចេញ ហើយវាមិនមែនជាគំនិតល្អទេដែលរក្សាវារយៈពេលវែង។ ករណីនេះក៏ដូចគ្នានឹងអាពាហ៍ពិពាហ៍ដែលនាងចង់បានដែរ។ សម្តីដែលខ្ញុំនិយាយអាចថាគ្មានមេត្តា ប៉ុន្តែដើម្បីធ្វើការសម្រេចចិត្តដ៏ល្អប្រសើរ រាល់ទ្រព្យសកម្មទាំងអស់ដែលមានតម្លៃរំលស់ថយខ្លាំងនឹងត្រូវលក់ចេញ ឬ “ជួលឱ្យគេ” ភ្លាម។
មនុស្សប្រុសដែលមានប្រាក់ចំណូល ៥០០.០០០ ដុល្លារក្នុងមួយឆ្នាំមិនមែនជាមនុស្សល្ងង់ទេ។ យើងអាចត្រឹមទាក់ទងជាមួយនាងមួយគ្រា តែនឹងមិនរៀបការជាមួយនាងទេ។ ខ្ញុំសូមណែនាំនាងឱ្យបំភ្លេចចោលទៅគំនិតចង់រៀបការជាមួយអ្នកមាន។ ម្យ៉ាងទៀត សូមនាងប្រឹងប្រែងរកលុយឱ្យបាន ៥០០.០០០ ដុល្លារក្នុងមួយឆ្នាំ នោះប្រហែលជាអាចមានឱកាសរៀបការជាមួយអ្នកមានកប់ពពក។
សង្ឃឹមថាការឆ្លើយតបនេះអាចជួយនាងបាន។
ហត្ថលេខា
នាយកប្រតិបត្តិក្រុមហ៊ុន J.P. Morgan ៕