មន្ទីរពេទ្យឯកជនដ៏ល្បីឈ្មោះ បំរ៉ុងរ៉ាត់ នៅប្រទេសថៃ ដែលប្រជាជនខ្មែរជាច្រើនធ្លាប់ទៅសម្រាកព្យាបាលនោះ បានចេញមុខសុំទោសចំពោះកំហុសវេជ្ជសាស្ត្រ ដោយចាក់បញ្ចូលឈាមមានផ្ទុកមេរោគអេដស៍ដល់អ្នកជំងឺម្នាក់ ធ្វើឱ្យអ្នកជំងឺនោះមានផ្ទុកមេរោគអេដស៍ក្នុងវ័យត្រឹម ២៤ឆ្នាំ។ ព័ត៌មាននេះត្រូវបានចុះផ្សាយលើសារព័ត៌មាន Khassod របស់ប្រទេសថៃ ហើយមានការចែកចាយច្រើនដង។
មន្ទីរពេទ្យ Bumrungradបានសារភាពកំហុស និងសុំទោសជាសាធារណៈចំពោះអ្នកជំងឺនៅថ្ងៃសុក្រនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់មន្ទីរពេទ្យបានបញ្ជាក់ថា៖ “មន្ទីរពេទ្យអន្តរជាតិ Bumrungrad ពិតជាសុំទោសចំពោះអ្វីដែលកើតឡើងលើអ្នកជំងឺ”។
នៅក្នុងសេចក្ដីថ្លែងការណ៍ក៏បានបញ្ជាក់ទៀតថា៖ “យើងពិតជាសម្ដែងនៅការសោកស្ដាយ និងការអាណិតអាសូរខ្លាំងបំផុត ចំពោះអ្នកជំងឺ និងគ្រួសារ ដែលបានជួបនូវស្ថានភាពបែបនេះ”។
បើតាមការសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ថៃ បានឱ្យដឹងថា សោកនាដកម្មសម្រាប់ជីវិតយុវជនអាយុ ២៤ឆ្នាំ បានកើតឡើង បន្ទាប់ពីគ្រួសារគេចំណាយប្រាក់អស់សរុបប្រហែល ៧លានបាត(ប្រមាណ ២២ម៉ឺនដុល្លារ) ព្យាបាលជំងឺ។
ខាងមន្ទីរពេទ្យបានបញ្ជាក់ថា អំឡុងពេលទទួលការបរិច្ចាគឈាម ស្រាប់តែមានកំហុសវេជ្ជសាស្ត្រ ដោយមិនបានដឹងថាឈាមនោះមានផ្ទុកវីរុសអេដស៍ទេ លុះបញ្ចូលទៅអ្នកជំងឺ ទើបកើតបញ្ហាឡើង។
មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ គឺជាមន្ទីរពេទ្យដែលល្បីបំផុតមួយ ហើយក៏មានតម្លៃថ្លៃផងដែរ ប៉ុន្តែកំហុសបែបនេះនៅតែកើតមានឡើង។ តាមការបញ្ជាក់របស់មន្ទីរពេទ្យបានឱ្យដឹងថា ឈាមនេះទទួលបានពីការបរិច្ចាគ ហើយប្រហែលជាកម្រិតវីរុសពេលនោះទាបពេក ទើបមិនអាចធ្វើតេស្តដឹង។
ពេលនេះ អ្វីៗបានហួសទៅហើយ ខណៈយុវជន Takeru Noppasin Jin ដែលមានអាយុទើប ២៤ឆ្នាំ នឹងត្រូវបន្តជិវិតសេសសល់ជាមួយវីរុសអេដស៍។
នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ យុវជនថៃ កាត់ជប៉ុន បានធ្លាក់ខ្លួនឈឺតាំងពីឆ្នាំ២០០៤ ដោយត្រូវព្យាបាលតាមវេជ្ជសាស្ត្រ។ ខាងមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ ត្រូវការពេលព្យាបាល ១៤ដំណាក់កាល ដោយត្រូវចំណាយប្រាក់រាប់លានបាត។
ពេលនេះ ឈានដល់ដំណាក់ការទី១២ ត្រូវចាក់បញ្ចូលឈាម។ ក្រោយចាក់បញ្ចូលឈាមបានមួយរយៈស្រាប់តែមានអាការៈមិនស្រួលកើតឡើង និងធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសអេដស៍ ទាំងរូបគេមិនធ្លាប់ប្រព្រឹត្តផ្ដេសផ្ដាស។
ក្រុមវេជ្ជបណ្ឌិត បានស្រាវជ្រាវរកប្រភពអ្នកបរិច្ចាគ ទើបដឹងថាជាមន្រ្តីប៉ូលិសមិនស្គាល់ឈ្មោះម្នាក់ ដែលបានស្លាប់កាលពីប៉ុន្មានឆ្នាំមុន។ គ្រួសារបានសម្រេចចិត្តប្ដឹងមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ សម្រាប់ករណីនេះ ប៉ុន្តែក្រោយមកក៏ដកពាក្យវិញ នៅពេលដែលខាងមន្ទីរពេទ្យសន្យាថា នឹងមើលថែ ព្រមទាំងជួយគ្រប់បែបយ៉ាង ចំពោះយុវជន Takeru Noppasin Jin ដើម្បីឱ្យគេមានសុខភាពល្អជានិច្ច។
គួរបញ្ជាក់ថា មន្ទីរពេទ្យ បំរ៉ុងរ៉ាត់ នេះ ក៏កំពុងជាប់ពាក្យបណ្ដឹងរបស់លោកឧកញ៉ា ឌួង ឆាយ ផងដែរ ពាក់ព័ន្ធនឹងការធ្វេសប្រហែសលើការព្យាបាលជំងឺកូនរបស់លោក។ បន្ទាប់ពីឃើញព័ត៌មាននេះ លោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា ករណីលោកនឹងឡើងតុលាការនៅថៃ សប្ដាហ៍ក្រោយនេះហើយ៕