ភ្នំពេញៈ ផ្ទុយពីការអះអាងថា ក្រោយផ្ទុះការចោទប្រកាន់ថា ក្រុមហ៊ុនហង្សម្ចាស់ដីលក់ដីខ្យល់ ប្រហែលជាក្រុមហ៊ុនមួយនេះ នឹងផ្អាកសកម្មភាពរបស់ខ្លួន ដើម្បីយកពេលដោះស្រាយ។
ប៉ុន្តែផ្ទុយទៅវិញ តំណាងក្រុមហ៊ុន បែរជាអះអាងថា ក្រុមហ៊ុនក្រៅអត់មានផ្អាក គឺមានពន្លឿនការឈូសឆាយ និងដាំដុះដំណាំចម្ការ ដើម្បីបង្ហាញថា ក្រុមហ៊ុនពិតជាមានចម្ការ និងត្រៀមប្រគល់ចម្ការជូនអតិថិជនតាមដំណាក់កាល ដូចការសន្យា។
ឆ្លើយតបនឹងការខលសួររបស់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១០ ឧសភា តំណាងក្រុមហ៊ុន បានអះអាងថា ក្រុមហ៊ុនក្រៅពីអត់ផ្អាក គឺក្រុមហ៊ុនកាន់តែបង្កើនសកម្មភាពឈូសឆាយដី បណ្ដុះកូនដំណាំ និងតម្រូវអោយអ្នកជំនាញចុះដាំជាចម្ការកាន់តែច្រើនជាងមុន នៅក្នុងប៉ុន្មានថ្ងៃនេះ។
ក្នុងនោះ ដីចម្ការនៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅស្រុកឈូក ខេត្តកំពត និងដីចម្ការ នៅស្រុកក្រគរ ក្នុងខេត្តពោធិ៍សាត់ គឺត្រូវបានពន្លឿនការឈូសឆាយ រៀបប្រព័ន្ធទុយោទឹក និងដាំជាចម្ការធុរ៉េន និងចម្ការដូងក្រអូប បានជាច្រើនហិកតាក្នុងប៉ុន្មានថ្ងៃនេះ។ ក្នុងនោះ ចម្ការផ្កាឈូករ័ត្ន ត្រូវបានតំណាងក្រុមហ៊ុនបញ្ជាក់ថា ជិតចេញផ្កាហើយ។
តំណាងក្រុមហ៊ុន បន្តថា ក្រោយពីមានព័ត៌មានបំភ្លៃ អតិថិជនជាច្រើន មានការជ្រួលច្របល់ ហើយពួកគាត់ ក៏ត្រូវបានក្រុមហ៊ូនជូនទៅមើលដីដល់កន្លែង ដើម្បីបង្ហាញថា ក្រុមហ៊ុនអត់មានលក់ដីខ្យល់នោះផង។
តំណាងក្រុមហ៊ុន ដដែលបន្តថា ក្រុមការងារទាំងអស់ ហ៊ានប្រកាសថា នឹងយកកិត្តិយស និងជីវិតជាថ្នូរ ដូចលោក ហង្ស ព្រីន្សយ៉ា ប្រធានក្រុមហ៊ុន ប្រសិនបើគម្រោងនេះ ជាគម្រោងបោកប្រាស់ដូចការលាបពណ៌។
តំណាងក្រុមហ៊ុន ហង្សម្ចាស់ដី ក៏បានលើកឡើងថា “ដ្បិតថារឿងនេះ មិនទាន់ចប់ ប៉ុន្តែក្រុមការងារយើងរឹតបង្កើនសកម្មភាព ព្រោះយើងចង់បង្ហាញអោយអតិថិជនឃើញថា ចម្ការពួកគាត់កំពុងត្រូវបានពន្លឿន បើពួកគាត់ចង់មកមើលក៏បាន ខណៈលេចឮរឿងលាបពណ៌នេះ”។
តំណាងដដែលប្រកាសថា អតិថិជន ដែលកំពុងជ្រួលច្របល់ អាចទៅមើលពីសកម្មភាពឈូសឆាយដី និងបង្កើតជាចម្ការទុកប្រគល់ជូនបាន។
ជាមួយនឹងការអះអាងនៅលើផេករបស់ក្រុមហ៊ុនហង្សម្ចាស់ដី និងក្នុងផេករបស់ក្រុមភ្នាក់ងារ គេឃើញបង្ហោះពីសកម្មភាពឈូសឆាយ និងបង្កាត់ពូជកូនដំណាំយ៉ាងសកម្មក្នុងប៉ុន្មានថ្ងៃនេះ។ ការរៀបប្រព័ន្ធទុយោទឹក ការបណ្ដុះពូជ និងដាំដំណាំក្នុងចម្ការ ត្រូវបានបង្កើនសកម្មភាពបានច្រើនហិកតា៕