កំពង់ឆ្នាំងៈមនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ ដោយសន្លប់៥នាទីទើបដឹងខ្លួនវិញ ដោយសាររន្ទះបាញ់ ខណៈដែលជនរងគ្រោះកំពុងច្រូតស្រូវពេលមេឃកំពុងភ្លៀង។ សមត្ថកិច្ចបានអោយដឹងថាៈហេតុការណ៍គ្រោះធម្មជាតិនេះ កើតឡើងកាលវេលាម៉ោង៤ និង១៥នាទីល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចត្នោតគម ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះក្នុងហេតុការណ៍រន្ទះបាញ់នេះឈ្មោះមាស សារុន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំណែកឯយុវជន២នាក់ទៀតដែលរងរបួសធ្ងន់ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ គ្រាន់តែដឹងថារស់នៅក្នុងភូមិឃុំជាមួយគ្នា។

តាមប្រភពបានអោយដឹងថា ជនរងគ្រោះទាំង៣នាក់បាននាំគ្នាទៅច្រូតស្រូវប្រាំង នៅចំណុចខាងលើ ហើយពេលមេឃកំពុងភ្លៀងជនរងគ្រោះប្រើទូរស័ព្ទខលហៅគ្នា ក៏ត្រូវរន្ទះបាញ់តែម្តង ។ CR: hmeyload