ស្ទើរតែមនុស្សគ្រប់គ្នាទៅហើយសុទ្ធតែធ្លាប់ឆ្លងកាត់អារម្មណ៍ខូចចិត្តពេលបែកបាក់ស្នេហា។ វាពិបាកនឹងធ្វើចិត្តណាស់ មិនថាអ្នកណាជាអ្នកចាប់ផ្តើមវាមុនទេ។
ធម្មតា យើងចំណាយទាំងពេលវេលា ចំណាប់អារម្មណ៍ ក្តីស្រឡាញ់ និងយកចិត្តទុកដាក់ច្រើនពេលមានស្នេហា។ ប៉ុន្តែ នៅពេលទីបំផុតគ្មានបានអ្វីសោះឡើយ វាពិតជាឈឺចាប់ណាស់។
មនុស្សជាច្រើនកើតអារម្មណ៍ក្រៀមក្រំក្រោយពេលបែកគ្នា។ នេះដោយសារតែពួកគេមិនអាចដោះស្រាយការពិតបានថា គូស្នេហ៍របស់ខ្លួនលែងមាននៅក្នុងជីវិតទៀត។
តែអ្នកត្រូវដឹងថា ពេលខ្លះការចែកផ្លូវគ្នាជារឿងមួយល្អប្រសើរ។ វាកើតឡើងដោយសារបុគ្គល ឬទាំង 2នាក់ដឹងថា បើបន្តស្នេហាទៅមុខទៀតក៏គ្មានការចាប់អារម្មណ៍អីនឹងគ្នាដែរ។
ថ្ងៃនេះ យើងនឹងលើកយកពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើក្រោយពេលបាក់បែកស្នេហា។ ចងចាំរឿងទាំងនេះទុកក្នុងចិត្ត វានឹងជួយឱ្យអ្នកកាន់តែបានប្រសើរឡើង ហើយអ្នកនឹងអាចត្រលប់មករកជីវិតសាមញ្ញបានលឿន។
=>កុំតាមដានគូស្នេហ៍អ្នកទៀត
ធម្មតាទេដែលគូស្នេហ៍បែកបាក់គ្នាហើយ តែនៅតែព្យាយាមចង់ដឹងពីសុខទុក្ខគ្នា។ អ្នកព្យាយាមសួរតាមរយៈមិត្តភក្តិ ឬតាមដានគេនៅលើបណ្តាញសង្គម។ ប៉ុន្តែទង្វើបែបនេះមានតែធ្វើឱ្យអ្នកឈឺចាប់កាន់តែខ្លាំងឡើងប៉ុណ្ណោះ។
បើអ្នកដឹងថា គេមានក្តីសុខ អ្នកនឹងខូចចិត្ត ព្រោះគេផ្លាស់ប្តូរជីវិតបានលឿនម៉េះ។ បើគេក្រៀមក្រំចិត្ត អ្នកនឹងក្រៀមក្រំតាមគេដែរ។
=>ឆាប់រកអ្នកថ្មីបញ្ឈឺចិត្តគេ
បើសិនអ្នកទើបតែបែកបាក់ស្នេហា ហើយប្រញាប់រកអ្នកថ្មី។ អ្នកត្រូវចាំថា ស្នេហាបែបនេះមិនមែនជាអារម្មណ៍ពិតឡើយ។ អ្នកនឹងខ្ជះខ្ជាយពេលវេលា និងថែមទាំងធ្វើឱ្យអ្នកដទៃដែលមិនដឹងអីត្រូវមកឈឺចាប់។
=>អ្នកមិនអាចធ្វើជាមិត្តនឹងសង្សារចាស់បានឡើយ
សង្សារប្រែជាមិត្តនឹងគ្នាមានតែនៅក្នុងកុនប៉ុណ្ណោះ តែវាគ្មាននៅលើលោកនេះទេ។ បើអ្នកធ្វើដូច្នេះ អ្នកនឹងឈឺចាប់នៅពេលសង្សារចាស់អ្នកមានស្នេហាថ្មី។
=>ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក
ជំនួសការគិតពីស្នេហាបរាជ័យ ត្រលប់មកប្រើពេលវេលាជាមួយមនុស្សដែលស្រឡាញ់អ្នកពិត។ មិត្តភក្តិ និងក្រុមគ្រួសារអាចជួយព្យាបាលភាពខូចចិត្តរបស់អ្នកបានឆាប់រហ័ស។
=>ផ្តល់ពេលវេលាឱ្យខ្លួនឯង
ពេលនេះ អ្នកនឹងមានពេលវេលាច្រើនសម្រាប់ខ្លួនឯង ដែលអាចធ្វើអ្វីៗតាមចិត្តអ្នកស្រឡាញ់ និងពេញចិត្តបាន។
=>បន្លប់ខ្លួនឯង
ទៅហាត់ប្រាណ រាំ ច្រៀង…។ ធ្វើអ្វីដែលអ្នកសប្បាយចិត្តបំផុត។ កុំលួងខ្លួនឯងដោយប្រើគំនិតមិនល្អដូចជាទៅផឹកស្រាជាដើម៕