ក្រោយពីមានការចែករំលែកតៗគ្នាជាច្រើនជុំវិញករណី ប្តីប្រពន្ធមានភេទដូចគ្នា គឺជាមនុស្សស្រីដូចគ្នាតែអាចមានកូនបាន ពេលនេះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bong Ta បានធ្វើការបកស្រាយថាយ៉ាងលម្អិតថា៖ «ថ្ងៃនេះសុំធ្វើការបកស្រាយ ចំពោះចម្ងល់របស់បងប្អូន ដែលគាត់បានចោទជាសំនួរដូចខាងក្រោម៖ ស្រី និង ស្រី មានកូនតាមណា? តើគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ? តើកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ? អ្វីទៅដែលហៅថាបង្ករកំណើតក្នុងកែវ? តម្លៃ?។
ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់ៈ ស្រី និងស្រី ពិតជាអាចមានកូនជាមួយគ្នាមែន តែត្រូវមានការបង្ករជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំគឺមិនមែនជាការចាក់មេជីវិតឈ្មោល ចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ។ ខ្ញុំធ្វើការបង្ករកំណើតក្នុងកែវ(IFV) ដោយតម្រូវឲ្យខ្ញុំរកទិញមេជីវិតឈ្មោល ដើម្បីបង្កកទុកបង្កាត់ រួចគេចាប់ផ្តើមឲ្យថ្នាំខ្ញុំលេប ពិនិត្យសុខភាព និងចាក់ថ្នាំដើម្បីភ្ញាស់ឲ្យមេជីវិតញីរបស់ខ្ញុំទុំ(ពងញី)។
ខ្ញុំផ្ទាល់ធ្វើការចាក់ថ្នាំ ពិនិត្យសុខភាពនិងលេបថ្នាំអស់ប្រហែលជា៤-៥ខែ ទើបមេជីវិតញីខ្ញុំទុំ បន្ទាប់មកទៀត គេបានបូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោល ដែលខ្ញុំបានទិញមក ការបង្កាត់បានជោគជ័យ តែត្រូវប្រើរយះពេល១២ថ្ងៃទៀត ដើម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ។
កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន៩កូនដែលមានសុខភាពល្អ ដូចនេះខ្ញុំសំរេចចិត្តថាដក២កូនយកមកទុកប្រើ ដើម្បីបានកូនភ្លោះ នៅសល់៧កូនទៀតត្រូវបង្កកទុកប្រើពេលក្រោយនៅពេលដែលចង់បានកូនទៀត។ បន្ទាប់ពីបង្កាត់កូនរួចរាល់ ពេទ្យគាត់ចាប់ផ្តើមឲ្យថ្នាំប្រពន្ធខ្ញុំលេប និងធ្វើការចាក់ថ្នាំឲ្យបើកមាត់ស្បូន។
ចំណាយរយៈពេល១០ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលាដែលអាចដាក់កូនចូលស្បូនគាត់បាន ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន២ ដើម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំឲ្យពពោះជំនួស។ កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល40% ហ្សេនរបស់ខ្ញុំ40%(ម្ចាស់មេជីវិតញី) និងហ្សេនប្រពន្ធខ្ញុំមានតែ20%ប៉ុណ្ណោះ ព្រោះពេលដែលដាក់កូនចូលពោះគាត់ កូនខ្ញុំមានអាយុ១២ថ្ងៃរួចទៅហើយ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដើម្បីលូតលាស់។
ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ គឺជាប់បានតែ១កូនខ្ញុំគឺកូនប្រុស ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ មិនមែនជាកូនគាត់ តែគាត់ជាអ្នកពពោះជំនួសខ្ញុំ រហូតដល់ទៅ៩ខែ១០ថ្ងៃ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង តែក្មេងនេះកើតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល គឺកូនថៃកាត់ចិន មានតែរូបថត តែមិនដែលជួបគ្នាឡើយ តម្លៃសរុបអស់ប្រហែល២៣ ០០០$ ធ្វើនៅប្រទេសថៃ»៕