អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រេងកាត ថ្លែងឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍប្រេងកាត គ្រីសអេនើជី (Kris Energy) កំពុង រង់ចាំតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ សមស្របណាមួយ ដើម្បីចាប់យកឱកាស នៃការផលិតដំណក់ប្រេងជាលើកដំបូងនៅកម្ពុជា ។
លោក ម៉ែន ដែន អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រេងកាត បានថ្លែងលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ ព័ត៌មាន BTV នៅក្នុងសន្និសីទប្រេង និងឧស្ម័ន កម្ពុជា ឆ្នាំ២០១៩ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ថា ទាក់ទិននឹងការអភិវឌ្ឍប្រេងកាត របស់ក្រុមហ៊ុន គ្រីសអេនើជី (Kris Energy)
នៅប្លុក A ដែលបានផ្តល់សិទ្ធដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ ក្រុមហ៊ុនបានកំពុងអនុវត្តន៍តាមផែនការ ដោយបានជជែកពិភាក្សាគ្រប់ជ្រុងជ្រោយរួចហើយ នៅក្នុងគម្រោងវិនិយោគរបស់ខ្លួន ពោលគឺនៅរង់ចាំតែរយៈពេលនៃការអនុវត្តន៍ទៅតាមប្រតិបត្តិការ នៃផែនការវិនិយោគតែប៉ុណ្ណោះ ។
លោក បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍស្វែងរកប្រេងរបស់ក្រុមហ៊ុន គ្រីសអេនើជី (Kris Energy) នៅក្នុងគម្រោងវិនិយោគនោះ ពិតជាមានប្រេងពិតប្រាកដមែន ប៉ុន្តែរយៈពេលនៃការអភិវឌ្ឍ ដែលមានរយៈពេលយឺតយ៉ាវបន្តិចមកនេះ គឺជាការរង់ចាំតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មានតម្លៃសមស្របណាមួយ ដើម្បីក្រុមហ៊ុនឆក់យកឱកាសនោះ ចាប់ផ្តើមផលិតចេញដំណក់ប្រេងជាលើកដំបូង នៅកម្ពុជាតែម្តង ។
សូមបញ្ជាក់ថា ទាក់ទងគម្រោងអភិវឌ្ឍប្រេងកាតប្លុក A នេះ, ក្រុមហ៊ុន គ្រីសអេនើជី (Kris Energy) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយបានប្តេជ្ញាអនុវត្តន៍ឲ្យសម្រេច បានដំណក់ប្រេងដំបូង ក្នុងរយៈពេល ២៤ខែ ក្នុងនោះសម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចលើសពី ៣០លានបារ៉ែល ដោយផ្តល់លទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មគ្រប់គ្រាន់ ក្នុងការជំរុញឲ្យប្រទេសកម្ពុជាផលិតប្រេងឆៅ ប្រកបដោយសក្តានុពល ៕ ប្រភព៖btv cambodia