ភ្នំពេញ ​៖​ ខណៈដែល​ទីផ្សារ​សិល្បៈ​កំពុងតែ​ដំណើរ​ជោគជ័យ​បណ្តើរៗ​ទាំង​ការ​សម្តែង ​និង​អាជីព​ពិធី​ការិនី​នោះ ​តារា​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ត្រូវបាន​គេ​កត់សម្គាល់ថា​នាង​កាន់តែ​ប្រែ​មុខ​ប្រែ​មាត់​ខុសប្លែក​ពី​ធម្មតា​នូវ​ចំណុច​វិជ្ជមាន​ដូចជា​ ៖ ​សមត្ថភាព​សិល្បៈ រូប​សម្ផស្ស​និង​ភាព​ហ៊ឺហា​ជាដើម។

ត្រង់ចំណុច​នេះ​ទើប​កញ្ញា គង់ វង្ស​យ៉ា​ទី បច្ចុប្បន្នកំពុង​ត្រូវបាន​ទទួលបាន​ការចាប់​អារម្មណ៍​និង​គាំទ្រ​គួរសម​ពី​ទស្សនិកជន​។ ​ម្យ៉ាងទៀត​ស្រី​ស្រង់ គង់ វង្ស​យ៉ា​ទី ក៏មាន​ពី​ផ្សា​ខ្ពស់​សម្រាប់​ការផ្តើម​ស្នេហា​ជាមួយ​បុរស​អ្នកមាន​ទ្រព្យធន​ស្តុកស្តម្ភ​ឬ​មានអំណាច​យសស័ក្ដិ​ខ្ពង់ខ្ពស់​ទៀតផង។

ប៉ុន្តែ​ទន្ទឹមពេល​គ្នា​នេះដែរ​ក៏​ស្រាប់តែ​កញ្ញា គង់ វង្ស​យ៉ា​ទី កាលពី​ថ្មីៗ​នេះ​ បានបង្ហាញ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​រៀបរាប់​បញ្ហា​របស់​មនុស្ស​មួយចំនួន​ដែល​មិនអាច​គេចផុត​ពី​ភាពល្អ​និង​អាក្រក់​ខ្លះៗ​នោះ​ឡើយ។ ដោយ យ៉ា​ទី ចាត់ទុកថា​កើត​មកជា​មនុស្ស​ម្នាក់ៗ​គ្មាន​ណាមួយ​ដែល​ល្អ​ត្រឹមត្រូវ​គ្រប់​ដប់​នោះទេ។

កញ្ញា គង់ វង្ស​យ៉ា​ទី បាន​និយាយថា ​នៅលើ​លោក​នេះ​គ្មាន​អ្នកណា​ដែរ​ល្អឥតខ្ចោះ​នោះទេ តែ​អ្វី​ដែល​សំខាន់​ត្រូវតែ​ព្យាយាម​កែប្រែ​ចំណុច​ខ្វះខាត​អោយ​ល្អ​បើ​មនុស្សម្នា​ក់មាន​ចំណុច​ល្អ​សឹង​ទាំងអស់ ​តែ​ខ្វះខាត​ចំណុច​តិចតួច​គួរ​ព្យាយាម​បំពេញ​អោយ​គ្នា​ទៅវិញទៅមក។

តារា​ស្រី​កញ្ញា គង់ វង្ស​យ៉ា​ទី បាន​បន្ថែមទៀតថា ​ព្រោះ​រាល់​ការ​លើកទឹកចិត្ត​ពី​មនុស្ស​ដែល​យើង​ស្រលាញ់​ឬ​រាប់អាន​និង​មនុស្ស​ជុំវិញខ្លួន ​វា​សំខាន់​ណាស់​ដើម្បី​អោយ​គេ​មាន​កម្លាំងចិត្ត​ធ្វើ​ចំណុច​ខ្វះខាត​នោះ​អោយ​ទៅជា​ល្អ​បំផុត​ឡើងវិញ៕