ភ្នំពេញ៖ ក្រុមការងារគេហៈទំព័រ www.i-111.com សូមគោរពជូនឯកឧត្ដម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រី ក្រសួងពត៌មាន គោរពជូន លោកជំទាវ ឱ វណ្ណឌីន និង គោរពជូនមហាជនជាទីគោរពដ៏ខ្ពង់ខ្ពស់ យើងខ្ញុំមានការសោកស្ដាយស្ដាយយ៉ាងខ្លាំងចំពោះការចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា « ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ ក្រោមជំនួយពីសឹង្ហបុរី» ដែលអត្ថបទមួយនេះធ្វើឲ្យប៉ះពាល់ដល់សង្គម ឬមានលក្ខណៈបំពុលដល់សង្គមជាតិ។

មូលហេតុនៃការចុះផ្សាយអត្ថបទមួយនេះដោយសារយើងខ្ញុំបានឃើញប្រភពចុះផ្សាយពីគេហៈទំព័រធំៗនានាមានដូចជា៖ គេហៈទំព័រសារព័ត៌មាន ថ្មីៗ ដែលចុះផ្សាយថា« កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​សិង្ហ​បុរី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​» ការចុះផ្សាយរបស់គេហៈទំព័រBusiness Cambodia ដែលបានចុះផ្សាយថា« សិង្ហបុរីប្រកាសវិភាគទាន៥លានដុល្លារដើម្បីទិញវ៉ាក់សាំងកូវីដ១៩ទៅដល់ប្រទេសទំាងនេះក្នុងនោះក៏មានកម្ពុជាដែរ» និង ការចុះផ្សាយដោយ គេហៈទំព័រសារព័ត៌មាន កម្ពុជាថ្មី ដែលមានចំណងជើងថា « ជាតិដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ» យើងខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំងដោយគិតថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងការពារ ជម្ងឺកូវីដ១៩ ក៏សម្រេចចិត្តចុះផ្សាយអត្ថបទនេះឡើង ដោយយកប្រភពទាំងស្រុងពីគេហៈទំព័រ កម្ពុជាថ្មី។

យើងខ្ញុំមានការសោកស្ដាយជាពន់ពេកចំពោះការចុះផ្សាយអត្ថបទដែលធ្វើឲ្យប៉ះពាល់នេះ សូម ឯកឧត្ដម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រី ក្រសួងពត៌មាន លោកជំទាវ ឱ វណ្ណឌីន និងមហាជនជាទីគោរពដ៏ខ្ពង់ខ្ពស់ មេត្តាអនុគ្រោះដល់ក្រុមការងារយើងខ្ញុំដោយក្ដីអនុគ្រោះ៕