ខេត្តកណ្តាល ៖ ពិតជាមិនធម្មតាមែនខ្លាំងប៉ះខ្លាំងម្ចាស់ផ្ទះសំណាក់ក៏ខ្លាំងរីឯសមត្ថកិច្ចដែលលើកគ្នាចុះទៅរកឆែកឆេរផ្ទះសំណាក់នោះក៏ខ្លាំង ពួកគេប៉ះទង្គិចគ្នាប្រាវស្ទើរតែក្លាយជាអំពើហិង្សាដាក់គ្នាទៅហើយ ដែលសមត្ថកិច្ចចូទៅរកឆែកឆេររកនារីរកសុីផ្លូវភេទ តែម្ចាស់ផ្ទះសំណាក់ថាអត់មាន ទេមានតែភ្ញៀវនាំស្រីមកពីខាងក្រៅដេកសម្រាកទីនេះ ទីបំផុតចាប់មនុស្សប្រុស ស្រី បីនាក់យកទៅសួរនាំ ដែលពួកគេមកដេកដោះកូយនៅក្នុងផ្ទះសំណាក់នេះ ។

ករណីនេះធ្វើឲ្យ អ្នករស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅមានការភ្ញាក់ផ្អើល តាំងពីព្រលប់ថ្ងៃទី៣ រហូតដល់ម៉ោង១ រំលងអាធ្រាត្រថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ បន្ទាប់ពីឃើញកម្លាំងនគរបាលយ៉ាងច្រើនកុះករទៅឡោមព័ទ្ធផ្ទះសំណាក់ឈ្មោះ រស្មី អង្គរ នេះដើម្បីចាប់មនុស្សដែលនាំស្រីមកដេកជាមួយ ។ សកម្មភាពនេះ បានប៉ះទង្គិច សម្តីគ្នាជាមួយម្ចាស់ទីតាំង ប្រឆាំងមិនឱ្យធ្វើការឆែក ឆេរ ព្រោះមិនមានអំពើពេស្សាចារនៅទីនេះទេ បន្ទាប់មកមានតំណាងអយ្យការចុះមកសម្របសម្រួល ក៏នៅតែតឹងសរសៃកដាក់គ្នា ហៀបនឹងកើតឡើងនូវអំពើហិង្សាទៅហើយ ធ្វើឱ្យអ្នកភូមិលាន់មាត់ថា «ខ្លាំងប៉ះខ្លាំង ផ្កាយប៉ះលោកខែមានខ្សែដូចគ្នា» វាអញ្ចឹងហើយ ។

នៅទីបំផុតកម្លាំងសមត្តកិច្ចព្រមដកថយត្រឹមធ្វើកំណត់ហេតុឆែកឆេរបន្ទប់ចំនួន១០ និងនាំខ្លួនមនុស្សប្រុស-ស្រី៣នាក់ជាភ្ញៀវ មកស្នងការដ្ឋានប៉ូលិស ដើម្បីធ្វើការសួរនាំប៉ុណ្ណោះ គឺចាប់អ្នកនាំស្រីដោះកូយនៅផ្ទះសំណាក់ ដែលជាករណីគួរឱ្យអស់សំណើច ។

បើតាមមន្ត្រីអាជ្ញាធរមូលដ្ឋាននិយាយថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរផ្លូវភេទនៅក្នុងផ្ទះសំណាក់ រស្មីអង្គរ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនីតិជននៃស្នង ការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ រស់ សាវិន ប្រធានការិយាល័យសហការជាមួយអង្គការមេត្រីភាព ដោយមានប៉ូលិសតូចធំលើកគ្នាមកព្រោងព្រាត ។

បើតាមសាក្សីនិយាយថា កម្លាំងនគរ បាលមិនតិចពី៥០នាក់ មធ្យោបាយមានរថយន្ត ម៉ូតូ និងកាំភ្លើងគ្រប់ដៃ បានឡោមព័ទ្ធផ្ទះសំណាក់ រស្មី អង្គរ ធ្វើការឆែកឆេរតាមបន្ទប់ ពេលនោះ បានឃាត់ខ្លួនមនុស្ស៣នាក់ (ស្រីម្នាក់) វាយខ្នោះនិងចាប់ក្រៀកស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាម្ចាស់ផ្ទះសំណាក់ ស្រាប់តែកើតមានប្រតិកម្មភ្លាមៗរារាំងមិនឱ្យធ្វើការឆែក ឆេរនិងឃាត់ខ្លួនមនុស្ស ព្រោះមិនឃើញមានដីកាពីតុលាការហើយចោទប្រកាន់ថាផ្ទះសំណាក់បង្កើតបទល្មើសពេស្យាចារ ដែលការពិតមានតែភ្ញៀវមកជួលបន្ទប់ដេក ។

សាក្សីបន្តទៀតថា ដោយកម្លាំងសមត្តកិច្ចនៅតែអនុវត្តន៍វិធានការរបស់ខ្លួនដោយអះអាងថា ផ្ទះសំណាក់នេះមានបទល្មើសលាក់នារីបម្រើផ្លូវភេទ បានបន្តធ្វើការឆែកឆេរតាមបន្ទប់។ ឯម្ចាស់ផ្ទះសំណាក់ក៏មិនអន់ដែរ បានទូរស័ព្ទហៅបងប្អូនដែលគេដឹងថាសុទ្ធតែខ្សែគយនិងតុលាការ មកប្រឆាំងតវ៉ាមិនឱ្យឆែកឆេរដោយសំអាងថា ផ្ទះសំណាក់នេះមិនបានប្រព្រឹត្តិអ្វីឱ្យខុសច្បាប់ ទើបឈានដល់ការប៉ះសម្តីគ្នាខ្លាំងៗភ្ញាក់ ផ្អើលពេញភូមិស្រុក រកអ្នកជិតខាងដេកពូនលែងបាន មិនតែប៉ុណ្ណោះ ផ្ទុះកក្រើកដល់ព្រះឥន្ទ(ព្រះរាជអាជ្ញា)ទាំងយប់ចាត់ព្រះរាជអាជ្ញារងម្នាក់គឺលោកឯក ស៊ុនរស្មីមកសម្របសម្រួល ។

សាក្សីរៀបរាប់ឱ្យដឹងទៀតថា នៅពេលដែលមានវត្តមានលោកព្រះរាជអាជ្ញារងរឿងរ៉ាវកាន់តែផ្ទុះឡើងខ្លាំង គឺមេប៉ូលិសលោក រស់ សាវិន និងព្រះរាជអាជ្ញារងទាក់សំដីគ្នាបញ្ហាការអនុវត្តនិតិវិធីដោយសំអាងច្បាប់រៀងៗខ្លួន ។ ម្ខាងថា មានបទល្មើសពាក់ព័ន្ធនឹងម្ចាស់ទីតាំង ឯម្ខាងទៀតថា មិនមានពាក់ព័ន្ធម្ចាស់ទីតាំងទេ ប៉ុន្តែយ៉ាងណាខាងសមត្ថកិច្ចនៅតែសំអាងថា មានបទល្មើស«អន្តរការី»បញ្ជាក់ថា ម្ចាស់ទីតាំងមាន ការពាក់ព័ន្ធលាក់ស្រីពេស្យាចារបម្រើផ្លូវភេទ ។ ឯម្ចាស់ទីតាំងបដិសេធ ហើយអះអាងថានឹងសមត្ថកិច្ចដែលចុះមកមួលបង្កាច់គ្មានការពិត ។

លោកឯក ស៊ុនរស្មី អ្នកសម្របសម្រួលនិតិវិធីបានឱ្យដឹងថា ដើម្បីមានតម្លាភាពលោកក៏បានតម្រូវឱ្យសមត្ថកិច្ចធ្វើការសួរនាំអ្នកពាក់ព័ន្ធជាបឋមនៅនឹងកន្លែង ដើម្បីរកការពិតចៀសវាងការយល់ច្រឡំ ដោយគ្រាន់តែការឆ្លើយដាក់អ្នកនេះ អ្នកនោះដោយគ្នានភស្តុតាង។ ក្រោយពីមានការសម្របសម្រួលនីតិវិធី មនុស្ស៣នាក់ (ស្រីម្នាក់) ដែលសមត្ថកិច្ចអះអាងថា មានការទំនាក់ទំនងគ្នាអំពីបទល្មើសអន្តរការីត្រូវបានដោះខ្នោះពីដៃវិញ ដើម្បីឱ្យទៅឆ្លើយបំភ្លឺនៅការិយាល័យប៉ូលិស ក្រៅពីនេះមិនមានការដកហូតអ្វីឡើយ ។ ពត៌មានចុងក្រោយឱ្យដឹងថា មនុស្ស៣នាក់ដែលប៉ូលិសស្នងការដ្ឋានខេត្តកណ្តាល លើកទ័ពទៅព័ទ្ធចាប់ស្ទើរពេញមួយយប់នៅផ្ទះសំណាក់ ដូចបានរៀបរាប់ខាងលើនេះ ត្រូវបានឱ្យវិលទៅផ្ទះវិញហើយ។

ក្រុមអ្នកតាមដានរឿងនេះ និយាយថា អារឿងនាំស្រីទៅដោះកូយនៅផ្ទះសំណាក់បែបនេះ មានពាសពេញទឹកដីកម្ពុជា ។ ទីណាមានផ្ទះសំណាក់ ទីនោះជាកន្លែងដោះកូយមួយគ្រាៗគ្រប់តែផ្ទះសំណាក់ ចុះហេតុអីពេលនេះសមត្ថកិច្ចមកធ្វើរឿងបែបនេះទៅវិញ? ៕ peoplenews