បើយោងតាមការចុះផ្សាយពីអាស៊ីសេរី បានឲ្យដឹងថា មានពលរដ្ឋ និង​ពុទ្ធបរិស័ទប្រមាណ​ជាង ៤០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ១៤៩​គ្រួសារ រស់នៅ​ភូមិ​៥ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ បាន​លើកគ្នាជួបជុំគ្នា​ក្នុង​បរិវេណវត្ត​អូរដំរី ​នៅ​ថ្ងៃ​ទី០៤ ខែឧសភា ដោយបាន​ប្រកាស​ជំហ​ប្រឆាំង​ការ​បណ្ដេញ​ព្រះសង្ឃ ដែល​គង់នៅ វត្ត​អូរដំរី ឃុំ​អូរត្រេះ ខេត្ត​ព្រះសីហនុ និង​បាន​ផ្តិត​មេដៃ ទាមទារ​ដី​វត្ត​មកវិញ។

ប្រជាពលរដ្ឋខាងលើបានឲ្យដឹងបន្ថែមទៀតថា ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​វត្ត​អូរ​ដំរី ដែល​កំពុង​ទទួលរង​ការ​រំលោភបំពាន​យ៉ាង​អយុត្តិធម៌ ពី​សំណាក់​បុគ្គល​មាន​ធនធាន និង​ឥទ្ធិពល​ នេះទេ នឹងព្រមាន​ដោយលើកគ្នា​តវ៉ា នៅ​សាលាខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ថ្នាក់​ជាតិ ដោយពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថែរក្សា​វត្ត​នេះ​ទុក និង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គង់នៅ​បន្ត​ទៀត។

សូមជម្រាបជូនថាដីនេះ ពលរដ្ឋ​រស់នៅ​ឃុំ​អូរត្រេះ ឲ្យ​ដឹង​ថាជិត ២​ទសវត្សរ៍​មក​ហើយ ដែលមាន​ពុទ្ធបរិស័ទ ១៤៩​គ្រួសារ បាន​មូលមតិ​គ្នា ដោយប្រគល់​ដី ៥​ហិកតាដាក់ជា​សម្បត្តិ​រួម ដើម្បី​កសាង​វត្ត​អារាម ហើយ​កាលពី ឆ្នាំ​២០០៩ ទៀតនោះអ្នកភូមិ​បាន​ដាក់​ពាក្យ​ស្នើសុំ ឲ្យ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ត​នេះ ប៉ុន្តែរហូតមក​ទល់​ពេល​បច្ចុប្បន្ននេះ ដី​វត្ត​អូរ​ដំរី នៅ​សល់​តែ​ជាង ១​ហិកតាប៉ុនណោះ។

ជាមួយគ្នានេះដែរ លោកចៅអធិការ​វត្ត​អូរ​ដំរី ព្រះ​តេជគុណ មាន់ ភក្តី មាន​ថេរ​ដីកា​ថា មេគុណ​ខេត្ត បាន​ចេញ​លិខិត​ឲ្យ​ព្រះអង្គ​ចុះ​ចេញពី​វត្ត​នេះ​ជាបន្ទាន់ ហើយ​ព្រះអង្គ​ក៏​បង្ខំចិត្ត​ផ្ដិត​មេដៃ​ព្រម ដោយសារ​រង​ការ​គំរាមកំហែង​ចាប់​ផ្សឹក ទៀតផង ហើយព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា សូម្បីតែ​ដើមឈើ​ធំៗ ក្នុង​បរិវេណ​វត្ត ត្រូវ​ជនខិលខូច កាប់​បំផ្លាញ​ចោល​អស់ ដើម្បី​គំរាមកំហែង​ព្រះសង្ឃ​ឲ្យ​ចុះ​ចេញពី​វត្ត និង​ប្រគល់​ដី​ឲ្យ​ពួកគេ​៖ «គេ​ចង់បាន​ដី​វត្ត គេ​ព្យាយាម​ដេញ​រឿយៗ ក៏ប៉ុន្តែ​ធ្វើ​អត់​ចេញ ដល់​អ៊ីចឹង​គេ​ពឹង​ទៅ​មេគុណ​ហ្នឹងតែម្ដង។

អធិការបានបន្ថែមទៀតថា ដើមឈើ​ជិត ២០​ឆ្នាំ​ នៅ​វត្ត រងការកាប់​​អស់ ឡើង​វាល​អស់ហើយ អាកាសធាតុឡើង​ក្តៅ ហើយពុទ្ធបរិស័ទ​មក មិន​បាន​ជ្រក​ម្លប់ ក្នុង​ចិត្ត​មិន​ព្រម​ទេ តែ​ឥឡូវ​មិន​ដឹង​ធ្វើ​ម៉េច​? បើ​យើង​មិន​ព្រម​មាន​ការងារ​ផ្សេង​របស់​គេ​ទៀត​។ បើសិនជា​រឹងមាត់ និយាយ​អស់​ស្ដាប់​អាច​ដល់ មាន​ខោអាវ​ឲ្យ​ស្លៀក»។

ទាក់ទងនឹងបញ្ហានេះដែរ ខាងអាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ប្រធាន​មន្ទីរ​ធម្មការ លោក កង ឌីណាត បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ឧសភា​ដោយសារតែ​ពួកគេ​មិន​លើក​ទូរស័ព្ទ៕

នេះជាវីដេអូដែលបង្ហាញរៀបរាប់ពី វត្ត អូរដំរី ដែលជាវត្តដ៏សែនកំសត់ដាច់ស្រយាល ស្ថិតនៅលើកំពូលភ្នំមួយនៃខេត្តព្រះសីហនុ ៕

ប្រភព: williamguang