ប្រទេសកម្ពុជានិងប្រទេសចិននឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំមួយ នៅខេត្តកំពង់ស្ពឺរយៈពេល៣ថ្ងៃ​ ដើម្បី​សិក្សា​បទ​ពិសោធន៍​ថ្មីៗរវាងប្រទេសទាំងពីរ ខណៈស្ថានការណ៍​នយោបាយនៅកម្ពុជាកំពុងឡើងកម្តៅ​។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ ប្រាប់ VOD នៅថ្ងៃនេះថា កម្ពុជា-ចិន នឹងប្រើ​ ឧត្ថម្ភាសចក្រ​៩គ្រឿង រថពាសដែក រថយន្តដឹកជញ្ជូន រថយន្តពេទ្យ កាំភ្លើងធំ និងសម្ភារៈមួយចំនួនទៀត ដើម្បី​ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត​ទ្រង់ទ្រាយធំ​ នៅទីលាន​ធ្វើ​សម​​យុទ្ធ​នាគ​មាសឆ្នាំ២០១៨ ក្នុង​ភូមិសាស្ត្រភ្នំធំម្រះព្រៅ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែមីនានេះ។

លោក សុជាតិ បញ្ជាក់ថា សមយុទ្ធនេះ មិនមែន​ជាការកំរាមកំហែងផ្នែកនយោបាយនិងប្រជាពលរដ្ឋនោះទេ។

លោកមានប្រសាសន៍ថា ៖ «យើងធ្វើសមយុទ្ធជាមួយចិន មិនមែនគំរាមនយោបាយបាយទេ យើងធ្វើ​ដើម្បីផ្លាស់​ប្តូរ​បទពិសោធន៍ថ្មីៗពីគ្នា​ទៅវិញ​ទៅមក​»។

អ្នកនាំពាក្យរូបនោះ បានអំពាវនាវទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅ​តំបន់​សមយុទ្ធ​​ក្នុងខេត្តកំពង់ស្ពឺ កុំមានការផ្ញាក់ផ្អើល និងភិតភ័យផង​ដែរ ដោយថាសមយុទ្ធនេះ ធ្វើឡើងដើម្បី​អប​អរ​ខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-ចិន និង​ជំរុញកិច្ចសហប្រតិបត្តិការ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​រវាងប្រទេសទាំងពីរតែប៉ុណ្ណោះ៕

Ref: VODhotnews