តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៤ មេសា បានចេញដីកាដាច់ដោយឡែកពីគ្នា បង្គាប់ឱ្យអតីតសកម្មជនថ្នាក់មូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន០៣រូប ចូលខ្លួនបំភ្លឺ ពីដំណើររឿង «ប្រឆាំងនឹងសាលដីការបស់តុលាការកំពូល» ចុះថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។
អតីតសកម្មជនថ្នាក់មូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ០៣នាក់នោះមាន៖ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង,លោក ម៉ក់ រ៉ា អតីតចៅសង្កាត់ទួលតាឯក ក្រុងបាត់បង ខេត្តបាត់ដំបង និង លោក ឃួន ចំរើន។
អ្នកទាំង៣រូប ត្រូវបានតុលាការតម្រូវឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ខាងមុខ នៅវេលាម៉ោង ៨ ព្រឹក។ តំណាងអយ្យការបានជូនដំណឹងដល់ជនសង្ស័យទាំង៣ ត្រូវអញ្ញើញតាមដីការកោះនេះឱ្យបានទាន់ពេលវេលា និង យកលិខិតផ្សេងៗទាក់ទង និងដំណើររឿងមកជាមួយប្រសិនបើមាន។
គួរបញ្ជាក់ថា កាលពីខែ មករា ឆ្នាំ២០១៧ ពលរដ្ឋក្នុងសង្កាត់អូចារមួយចំនួនបានតវ៉ាប្រឆាំងនឹងការអនុវត្តសាលដីការបស់តុលាការខេត្តបាត់ដំបង ដែលបានសម្រេចប្រគល់ដីទីធ្លាសាលាមតេ្តយ្យទៅឱ្យមន្ត្រីនគរបាលលោក សៅ ប៊ុនទិត ដោយពលរដ្ឋអះអាងថា ដីទីធ្លាសាលានោះជាដីរបស់រដ្ឋ។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានកំណត់ថា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និង សកម្មជនអតីតបក្សប្រឆាំងមួយចំនួនទៀត គឺជាជនសង្ស័យក្នុងរឿងមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការ។កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ធ្លាប់បានបដិសេធថា កញ្ញាមិនបានចូលទៅរារាំងសមត្ថកិច្ចនៅពេលតុលាការចុះអនុវត្តសាលក្រមនោះទេ ហើយស្នើឱ្យតុលាការខេត្តបាត់ដំបងទម្លាក់ការចោទប្រកាន់លើរូបនាង៕ veayofm
(Adload)