រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់បានលាលែងពីតំណែងបន្ទាប់ពីម៉ាស៊ីនភ្លើងខូចនៅរោងចក្រថាមពលមួយ បណ្តាលឱ្យមានការដាច់ភ្លើងដ៏ធំ ដែលបានប៉ះពាល់គ្រួសាររាប់លាននៅទូទាំងកោះតៃវ៉ាន់អំឡុងពេលអាកាសធាតុកំពុងក្តៅខ្លាំង។
ការដាច់ចរន្តអគ្គិសនីនេះបានធ្វើឱ្យងងឹតស្លុបនៅតាមផ្លូវធ្វើចរាចរ ផ្សារទំនើប និងការិយាល័យនានាកាលពីល្ងាចថ្ងៃអង្គារ ទី១៥ សីហា ២០១៧។ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់តៃវ៉ាន់ (CNA) និយាយថា “កំហុសបច្ចេកទេសប្រតិបតិ្តការ” បានបណ្តាលឱ្យម៉ាស៊ីនភ្លើង ៦ គ្រឿងឈប់ដំណើរការនៅរោងចក្រថាមពលឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់កោះតៃវ៉ាន់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់លោក លី ជីគង់ (Lee Chih-kung) បានសុំទោសនៅក្នុងសន្និសីទកាសែតមួយ និង និយាយថា អ្នកដែលធ្វើឱ្យមានកំហុសបច្ចេកទេសនេះ ត្រូវតែទទួលការដាក់ពិន័យ។
CNA បាននិយាយថា ប្រជាជន ៦,៦៨ លានគ្រួសារបានរងផលប៉ះពាល់នៅក្នុងរដ្ឋធានីតៃប៉ិ ទីក្រុងតាយជុង និងទីក្រុងតាយណាន ព្រមទាំងខេត្តចំនួនបីនៅភាគកណ្តាល ភាគខាងលិច និងភាគនិរតីនៃកោះដែលមានប្រជាជនចំនួន ២៣ លាននាក់នេះ។ ក្រសួងការពារជាតិបាននិយាយថា ការផ្គត់ផ្គង់ថាមពលបម្រុងទុកមិនមានការរំខានដល់ប្រតិបត្តិការយោធាទេ៕