មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ព្រមានលុយចោលគម្រោងជួបជាមួយ មេដឹកនាំ សហរដ្ឋអាមេរិកនៅក្នុងខែមិថុនាខាងមុខ ដោយសារតែអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធ យោធា។

តាមគម្រោងលោក គីម ជុងអ៊ុន នឹងជួបជាមួយលោក ដូណាល់ ត្រាំនៅថ្ងៃទី១២ ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជជែកពីកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង អាចពាក់ ព័ន្ធសន្តិសុខនៅក្នុងតំបន់។​​

ប៉ុន្តែទីភ្នាក់ងារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងចុះផ្សាយនៅថ្ងៃនេះថា  សមយុទ្ធរវាងកូរ៉េខាង ត្បូង និង សហរដ្ឋអាមេរិកគឺជាការបង្កជម្លោះ គំរាមកំហែងដល់សន្តិសុខរបស់ កូរ៉េខាងជើង។​

 

 

ដោយសារតែកំហឹងនេះ ថ្នាក់ដឹកនាំកូរ៉េខាងជើង បានសម្រេចលុបចោលគម្រោងជួបជាមួយ ថ្នាក់ដឹកនាំកូរ៉េខាងត្បូង នៅតំបន់ផានមុនជុំ (Panmunjom) ដើម្បីតាមដានលទ្ធផលនៃកិច្ចព្រមព្រៀងដែល មេដឹកនាំកូរ៉េទាំងពីរជួបគ្នាកាលពីថ្ងៃទី២៧ខែមេសា។​

ទន្ទឹមនឹងការលុបចោលការជួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងនេះ កូរ៉េខាងជើងក៏បាន ព្រមានពីការលុបចោលគម្រោងជួបគ្នារវាងលោក គីម ជុងអ៊ុន និង លោក ដូណល ត្រាំ នៅថ្ងៃ ទី១២ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរីដែរ។​

កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកតែងតែធ្វើសមយុទ្ធប្រចាំឆ្នាំ ជាផ្នែកមួយនៃការពង្រឹង សមត្ថភាពកងទ័ពនិង ការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ចំណែកការធ្វើសមយុទ្ធ នៅឆ្នាំនេះ មានការពន្យារពេលច្រើនលើក ដោយសារកូរ៉េខាងត្បូង មិនចង់ឲ្យមានការប៉ះទង្គិច ជាមួយកូរ៉េខាងជើង។​

រាល់ពេលដែលសហរដ្ឋអាមេរិកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងនៅក្នុងទឹកដីកូរ៉េខាងត្បូងតែងតែមានប្រតិកម្មពីកូរ៉េខាងជើង ហើយមានពេលខ្លះកូរ៉េខាងជើងព្រមានបាញ់អាវុធនុយក្លេអ៊ែ កម្ទេចសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងទៀតផង។​

ទោះយ៉ាងណាលទ្ធផលផ្លូវការថា អាចប៉ះពាល់ដល់ជំនួបរវាងលោកត្រាំ និងលោកគីម ជុងអ៊ុននោះ មិនទាន់មានទេ។ ជំនួបមេដឹកនាំទាំងពីរនៅក្នុងខែមិថុនាខាងមុខនេះ បើមានការត្រូវគ្នានោះនឹងទប់ស្កាត់សង្គ្រាម តែបើមិនមានការឯកភាពគ្នាលើ បញ្ហារួមទេនោះ អាចជា ចំណុចចាប់ ផ្តើមនៃសង្គ្រាមនៅឧបទ្វីបកូរ៉េជាថ្មីទៀត។​