កំពង់ចាម៖ មានហេតុការណ៍បង្កឲ្យមានការភ្ញាក់មួយបានកើតឡើង នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ដោយប្រទះឃើញវ៉ាលីមួយ ត្រូវបានគេយកមកថ្លុងចោល សង្ស័យថាគ្រាប់បែក នៅក្នុងបន្ទប់ទូ ATM របស់ធនាគារស្ថាបនា ដែលមានទីតាំងស្ថិតនៅខាងលិចដើមពោធិ៍ផ្សាររាត្រី ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ​ក្រោយពីបានទទួលព័ត៌មានភ្លាម បានបញ្ជាដល់កម្លាំងជំនាញ រួមមាន ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការការងារសន្តិសុខ ផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ សហការជាមួយ កម្លាំងជំនាញអធិការក្រុងកំពង់ចាម ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេស។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បន្ទាប់មកសមត្ថកិច្ចបានធ្វើការទំនាក់ទំនងទៅអង្គភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC ដើម្បីមកធ្វើការត្រួតពិនិត្យតាមជំនាញ​។ អង្គភាព CMAC បានមកដល់​ហើយបានធ្វើការត្រួតពិនិត្យឃើញថា ក្នុងវ៉ាលី និងបរិវេណជំវិញទូរ ATM ទីតាំងកន្លែងដាក់វ៉ាលីខាងលើពុំមានគ្រឿងបំផ្ទុះឡើយ.

តាមការបំភ្លឺពីឈ្មោះ ស៊ីវ សុដាឡែន ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងឈ្មោះ វ៉ាន់ ស្រីម៉ិច ភេទស្រី អាយុ២៨ឆ្នាំ​ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានមុខរបរ បុគ្គលិកម៉ាតសុជាតិ មានទីតាំងជាប់ទូរ ATM នោះដែរ បំភ្លឺប្រហាក់ប្រហែលគ្នា បានឲ្យដឹថា រូបភាពវីដេអូដែលសមត្ថកិច្ចបង្ហាញ គឺមានភិនភាគ ពាក់អាវក្រឡាការ៉ូ ពណ៌ទឹកបិចលាយស ពាក់មួកប៉េរ៉េ ពណ៌សស្លៀកខោខ្មៅជើងវែង គឺជាជនម្នាក់ដែលជាមនុស្សវិកលចរិក។

កន្លងមកជននោះ ជាញឹកញាប់ តែងតែ​យកសម្ភារខូចៗ ចានឆ្នាំងបាក់បែក ឌុយសាកទូរស័ព្ទខូចៗ និងសំលៀកបំពាក់ចាស់ៗ យកទៅទុកនៅក្នុងទូរ ATM របស់ធនាគារហត្ថាកសិករ ដែលមានទីតាំងជាប់គ្នាជាមួយ ទូរ ATM របស់ធនាគារស្ថាបនា៕ 

ប្រភព Freshnews