នៅព្រឹកថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ព្រះសីហនុ ដោយត្រូវចំណាយ ថវិកាសាងសង់ ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។តាមរបាយការណ៍របស់. ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់អោយដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។សម្តេតេជោមានប្រសាសន៍ថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិ​រាប់ពាន់​គីឡូ​ម៉ែត្រ ជា​មួយ​របៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀង​​សេដ្ឋកិច្ច​ខាងត្បូង និងរបៀងសេដ្ឋកិច្ច​ឆ្នេរ​ខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជា​ពិសេស ​តភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ទាំង៣ ដែល​នឹង​បម្រើ​ជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទី​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ ជា​កំពង់ផែ ជាព្រលាន​យន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿន​ឆាប់រហ័ស ប្រកប​ដោយ​​​សុវត្ថិភាព និងប្រសិទ្ធ​ភាព​។ទាក់ទងនឹងការសាងសង់ផ្លូវនេះ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ បានជម្រាបជូនបងប្អូនជនរួមជាតិថា៖ សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ​​ រាជរដ្ឋា​ភិបាល​​កម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ​ គឺជាការ​វិនិយោគ​របស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាព​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ​“BOT ហើយក្រុមហ៊ុន ​មិនបាន​ទាមទារ​នូវ​ការ​ធានា​​​​ឥណទាន​ពី​រាជ​រដ្ឋា​​​ភិបាល​កម្ពុជាឡើយ ដោយសារ​ក្រុមហ៊ុន​មានជំនឿ​លើរាជរដ្ឋាភិបាល និងជឿជាក់​លើសុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ ​​​​និងម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាព​​នៅ​កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក៏​មិនបានផ្តល់​ដីឲ្យក្រុមហ៊ុនធ្វើផ្លូវទេ ផ្ទុយទៅ​វិញ ក្រុមហ៊ុន​បាន​ផ្តល់​ថវិកា​ឲ្យ​រាជរដ្ឋាភិ​បាល​ដើម្បី​ទិញដីសម្រាប់សាងសង់ផ្លូវ ដោយក្រុមហ៊ុន​សុំមាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​​ផ្លូវនៅ​ក្នុងរយៈពេល​កំណត់​​ដែលមាន​ចែងនៅក្នុង​កិច្ចព្រមព្រៀងរវាង​ក្រុមហ៊ុន និង​រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។​​សម្តេចតេជោបានមានប្រសាន៍បញ្ជាក់ថា កម្ពុជាមិនបានបដិសេធ ក្រុមហ៊ុនវិនិយោគបរទេសណា ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសម្តេចតេជោ នៅតែបន្តអំពាវនាវ អោយវិនិយោគិនបរទេសទាំងអស់អាចមកវិនិយោគនៅក្នុងប្រទេសកម្ពុជាគ្រប់ពេលវេលាទាំងអស់។សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​​យក​​ឱកាសនេះ ផ្តាំសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ចំពោះ ​ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រីចិន លឺ ខឺឈាង និងរដ្ឋាភិបាល ប្រជាជនចិនដែលតែងតែបានផ្ដល់នូវការរួមសុខរួមទុក្ខ​ ផ្តល់ជំនួយ តាមតម្រូវការចាំបាច់​របស់​កម្ពុជា និង​វិនិយោគ​​យ៉ាងច្រើននៅកម្ពុជា​​​​ក្នុងរយៈពេល​កន្លង​មក៕