កាលពីថ្ងៃទី ៩ ខែវិច្ឆិកា តុលាការប្រឆាំងពុករលួយ ហ្វីលីពីន បានចេញបញ្ជាចាប់ខ្លួនភរិយាអតីតប្រធានាធិបតី គឺលោកស្រី Imelda Marcos អយុ ៨៩ឆ្នាំ។ តុលាការបានចោទប្រកាន់លោកស្រីពីបទល្មើស ៧ផ្សេងគ្នាពាក់ព័ន្ធនឹងអំពើពុករលួយ ដោយអាចជាប់ទោសពី ៦-១១ឆ្នាំ ក្នុងបទល្មើសនីមួយៗ ហើយប្រសិនបើ ត្រូវកាត់ទោស លើបទល្មើសទាំង ៧នោះ លោកស្រីអាចជាប់គុក យ៉ាងតិចកន្លះសតវត្សរ៍ ។


ចៅក្រមហ្វីលីពីន បានអតីតតំណាងរាស្ត្រ Imelda Marcos នៅបទល្មើស៧ផ្សេងគ្នា ពាក់ព័ន្ធអំពើពុករលួយ ក្នុងរយៈពេលពីរទសវត្សរ៍ ដែលស្វាមីរបស់លោកស្រី កាន់តំណែងជាប្រធានាធិបតី គឺលោក Derdinand Marcos ។ ក្នុងចំណោម ទោសទាំងឡាយ មានបទល្មើស៧ករណីពាក់ព័ន្ធនឹងការបញ្ជូនប្រាក់សរុប ជាង ២០០លានដុល្លារ ចូលទៅកាន់មូលនិធិ នៅក្នុងប្រទេសស៊ី្វស ពេលដែលលោកស្រីកាន់តំណែងជាអភិបាលក្រុងម៉ានីល (ឆ្នាំ១៩៧៥-១៩៨៦) ។ លោកស្រីរងការចោទប្រកាន់ពីបទបើកគណនីឈ្មោះផ្សេង នៅក្នុងប្រទេសស៊ី្វស ដើម្បីបញ្ជូនប្រាក់ចូលទៅកាន់ទីនោះ ។ គ្រួរសាររបស់លោកស្រី រងការចោទប្រកាន់ពីបទ លាក់ទ្រព្យសម្បត្តិ ដែលមានទឹកប្រាក់ជាង ៦៥៨លានដុល្លារ នៅតាមបណ្តាធនាគារ ក្នុងប្រទេសស៊ី្វស ។
ច្បាប់ចាប់ខ្លួនលោកស្រី Imelda អាចនឹងមិនត្រូវបានអនុវត្តភ្លាម ដោយសារតែលោកស្រីអាចនឹងតវ៉ា លើសេចក្តីសម្រេចរបស់តុលាការ ប្រឆាំងពុករលួយ Sadiganbayan ។ ក្រៅពីនេះ លោកស្រីអាចស្នើសុំនៅក្រៅឃុំ ។ តាមច្បាប់ លោកស្រីមានរយៈពេល ១៥ថ្ងៃ ដើម្បីប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការ ហើយតុលាការមានរយៈពេល ៣០ថ្ងៃ ដើម្បីចេញសេចក្តីសម្រេចចុងក្រោយ។


លោក Ferdinand Marcos ស្វាមីរបស់លោកស្រី Imelda កាន់តំណែងប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ ១៩៦៥-១៩៨៦ ហើយធ្លាប់ ប្រើប្រាស់ ច្បាប់ អាជ្ញាសឹក ដើម្បីកាន់អំណាចផ្តាច់ការ ។ គ្រួរសារ និងសម្ព័ន្ធមិត្តរបស់លោក ក្លាយជាអ្នកមានដោយសារតែអំពើពុករលួយ ។ លោក និងគ្រួសាររងការចោទប្រកាន់ ធ្វើឲ្យបាត់បង់ប្រាក់ជាង ១០ពាន់លានដុល្លារ ។ លោក និងគ្រួរសារ បានភៀសខ្លួនទៅនៅអាមេរិក ក្រោយពេលរដ្ឋាភិបាលរបស់លោកត្រូវ ផ្តួលរំលំនៅឆ្នាំ ១៩៨៦ ក្រោយ២០ឆ្នាំកាន់អំណាច ហើយបានស្លាប់នៅឆ្នាំ ១៩៨៩ ពេលកំពុងភៀសខ្លួនរស់នៅកោះហាវៃអាមេរិក។ ប្រាក់រាប់រយលានដុល្លារ របស់លោក នៅក្នុងធនាគារ ប្រទេសស៊ី្វសត្រូវបានបង្កក ហើយប្រគល់មកឲ្យរដ្ឋាភិបាលថ្មីវិញ ។ ក្រៅពីនេះ ក៏បានដកហូត «វិមាន» ៣កន្លែងផ្សេងគ្នា និងគ្រឿងសង្ហារឹមមានតម្លៃជាច្រើន ។
លោកស្រី Imelda បច្ចុប្បន្ន ជាតំណាងរាស្ត្រ៣អាណត្តិជាបន្តបន្ទាប់ ហើយបានចុះឈ្មោះបោះឆ្នោតអភិបាល ក្រុងនាពេលខាងមុខ ។ កូនប្រុសច្បងរបស់លោកស្រី ជាអភិបាល ខេត្ត Ilocos Norte ដែលជាទឹកដីកំណើតរបស់ អតីតប្រធានាធិបតី ។ ចំណែកកូនប្រុសមួយរូបទៀតឈ្មោះ Ferdinand បានប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ ២០១៦ ដោយចាញ់ ប្រកៀកប្រកិត ។ នៅឆ្នាំ២០២២ នឹងបន្តឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីហ្វីលីពីនជាបន្តទៀត ៕