ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកថ្មី ចាប់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូរ៉ឺម៉ក សម្រាប់ដឹកទំនិញកាលពីវេលាម៉ោង០៣និង ០០នាទី ទៀបភ្លឺ ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខឃ្លាំងទឹកសុទ្ធ ផ្លូវ ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់រ៉ឺម៉កមានឈ្មោះ ឯម ឧត្តម ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិកោះក្របី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ៖

១-ឈ្មោះ ហេង ប្រសិទ្ធ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។

២-ឈ្មោះ មាស ពិសិដ្ឋ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។

៣-ឈ្មោះ ណេង សាវឿង ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នគរបាលព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Honda Dream Super Cub MD ស្លាកលេខ ភ្នំពេញ ១GT-០៨៥០ មានសណ្តោងរ៉ឺម៉កនៅមុខឃ្លាំងទឹកសុទ្ធ ដោយចាក់សោជាប់នឹងកន្ទុយរ៉ឺម៉ក រួចចូលដេកក្នុង ឃ្លាំង។

រហូតដល់ម៉ោង០៣និង០០នាទី ទៀបភ្លឺ ថ្ងៃទី៦ ខែវិច្ឆិកា ស្រាប់តែមានជនសង្ស័យ០៤នាក់ ឈ្មោះ ហេង ប្រសិទ្ធ, ឈ្មោះ មាស ពិសិដ្ឋ, ឈ្មោះ ណេង សាវឿង និងឈ្មោះ សុខ ធី ធ្វើសកម្មភាពយកកន្រ្តៃដែកកាត់សោ កន្ទុយរ៉ឺម៉កលួចយកម៉ូតូជិះគេចខ្លួន និងដោះស្លាកលេខម៉ូតូបោះចោលបាត់។ រហូតដល់ម៉ោង០៨និង០០នាទី ថ្ងៃដដែល ជនរងគ្រោះឆែកតាមប្រព័ន្ធ GPS ដែលភ្ជាប់ជាមួយម៉ូតូឲ្យសញ្ញាឃើញនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ក៏រាយការប្រាប់សមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យបានជនសង្ស័យឈ្មោះ ហេង ប្រសិទ្ធ, ឈ្មោះ មាស ពិសិដ្ឋ, ឈ្មោះ ណេង សាវឿង និងដកហូតម៉ូតូជនរងគ្រោះមកវិញ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការ តាមច្បាប់ ។

តាមរយៈការត្រួតពិនិត្យទឹកនោម ជនសង្ស័យទាំង០៣នាក់ ប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕