ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus)
នៅឯវិមានសន្តិភាព ដើម្បបំភ្លឺ និងបញ្ជាក់បង្ហាញដំណោះស្រាយ និងជំហររបស់រាជរដ្ឋាភិបាលអំពីវិធានការដោះស្រាយនិងទប់ស្កាត់អំពីជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានលើកឡើងជុំវិញការស្នើសុំឲ្យបិទជើងយន្តហោះពីប្រទេសចិនមកកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា ការបិទជើងហោះហើរពីចិន
ប្រៀបបានដូចជាសម្លាប់សេដ្ឋកិច្ចរបស់កម្ពុជា និងកាត់បន្ថយទំនាក់ទំនងរវាងកម្ពុជា-ចិន ទៀតផង។ សម្តេចបញ្ជាក់ទៀតថា “យើងមិនបាច់បិទទេ ខាងចិនគេបិទរួចស្រេចទៅហើយ ជាពិសេសនៅក្រុងវូហាន គឺគេបិទទាំងផ្លូវគោក និងផ្លូវដែកផងដែរ”។
សម្តេចមានប្រសាសន៍បន្ថែមទៀតថា ការបិទជើងហោះហើរ អ្នករងគ្រោះជាងគេគឺអ្នករកស៊ី ដូចជា ខាងសណ្ឋាគារ និងអ្នកបំរើសេវានានា៕