ភ្នំពេញ ៖ អ្នករត់ម៉ូតូកង់បីម្នាក់បានដេកស្លាប់បន្ទាប់ពីបានត្អូញត្អែរថា«មិនសូវស្រួលខ្លួន» ប្រាប់សន្តិសុខម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះលេខ៨២E ខាងកើតសណ្ឋាគារថៃប៉ុនរ៉ុង ប្រមាណ៦០ម៉ែត្រ តាមបណ្តោយផ្លូវ៤០៤ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ជួន វណ្ណា ហៅចេះ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បើកម៉ូតូកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពែញ 1HB-0120។
តាមសម្ដីសន្តិសុខម្នាក់ដែលយាមជិតកន្លែងកើតហេតុបានប្រាប់ថា បុរសខាងលើមកពីស្រុកវិញ រយៈពេលបីថ្ងៃហើយតែងតែត្អូញប្រាប់គាត់ថាមិនសូវស្រួលខ្លួន រហូតដល់ថ្ងៃសៅរ៍ ទី១៨ វេលាម៉ោង ៨យប់ ក៏បានត្អូញត្អែរប្រាប់ទៀតថា «មិនសូវស្រួលខ្លួនគិតរកទៅកោសខ្យល់»។
និយាយរួចគាត់មិនបានទៅកោសខ្យល់នោះទេ បានទាញប៉ៅអ៊ីមកដេករហូតដល់ភ្លឺម៉ោង៥ព្រឹកទើបរូបគាត់បានមកដាស់, តែកម្មអកុសលគាត់បានដេកបាត់បង់ជីវិតទៅហើយ។
គាត់ក៏បានជិះម៉ូតូទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ដើម្បីមកពិនិត្យបានសមត្ថកិច្ចចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុទើបដឹងថា «បុរសខាងលើពិតជាស្លាប់ដោយសារតែគាំងបេះដូងពិតប្រាកដមែន»។
បច្ចុប្បន្នសាកសពបុរសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕អត្ថបទ៖ KhmerRead