ខេត្តត្បូងឃ្មុំ៖ សិស្សវិទ្យាល័យក្រូចឆ្មារ កំពុងអង្គុយរៀនក្នុងថ្នាក់សុខៗ ស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ចំនួន៣៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងចាប់ពីម៉ោង០១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ បានសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុច្បាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែមិនមានសិស្សណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បើតាមរបាយការណ៍របស់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញនេះ ចាប់ពីវេលាម៉ោង០១ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០នាទីល្ងាច សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់បានសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ចំពោះមូលហេតុសិស្សដួលសន្លប់ជាបន្តបន្ទាប់នោះ គឺសិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ មានសភាពខ្សោយ តាមរបៀបរៀនច្រើនពេក ពេលសំរាកបានតិចពេក។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត បានបន្តសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ។
សូមរំលឹកផងដែរថាកាលពីម្សិលមុិញនេះ យោងតាមគេហទំព័រ AirVisual ដែលតាមដាន និងផ្សាយផ្ទាល់ព័ត៌មាននៃគុណភាពខ្យល់ បានបង្ហាញឲ្យឃើញថា ទីក្រុងភ្នំពេញ កំពុងមានវត្តមានខ្យល់ពុលកម្រិតក្រហម ដោយមានសន្ទស្សន៍ គុណភាព ខ្យល់ (AQI) ចន្លោះពី ១៥០ ទៅ ១៥៥ នាព្រឹកថ្ងៃសុក្រ ទី១៧ មករា ឆ្នាំ២០២០ នេះ។
គួរឲ្យដឹងថា ខ្យល់ពុលកម្រិតក្រហម (មាន សន្ទស្សន៍ គុណភាព ខ្យល់ចន្លោះពី ១៥១ ទៅ ២០០) ដែលតម្រូវឲ្យយើងពាក់ម៉ាសការពារនេះ អាចផ្តល់ផលប៉ះពាល់អវិជ្ជមាន និងធ្ងន់ធ្ងរដល់បេះដូង និងសួតក្នុងចំណោមមនុស្សទូទៅ។
ក្រៅពីទីក្រុងភ្នំពេញ យើងក៏សង្កេតឃើញថា ទីក្រុងបាងកករបស់ប្រទេសថៃ និងទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម ក៏មានខ្យល់ពុលកម្រិតក្រហម ក្នុងសន្ទស្សន៍ គុណភាព ខ្យល់ចន្លោះពី ១៥០ ទៅ ១៥៥ ដែរនាព្រឹកនេះ៕