ភ្នំពេញ​ ៖ ​តារាចម្រៀង​ស្រី​យ៉េៗ​កញ្ញា ស៊ិ​ម ថៃ​ណា ស្រប​ពេល​ដែល​អ្នក​ម្តាយ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ក្រលៀន ​និង​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​ជាប្រចាំ​នៅ​មន្ទីរពេទ្យ​នោះ​ កាលពី​ម្សិលមិញ​គ្រា ​ដែល​ម្តាយ​របស់​នាង​ត្រូវ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​នា​រាជធានី​ភ្នំពេញ ​ក៏​ស្រាប់តែ​ជួប​រឿង​ដ៏​ហួសចិត្ត​បំផុត​លើ​​អត្តចរិត​របស់​ក្រុម​គ្រូពេទ្យ​ទីនោះ។

កញ្ញា ស៊ឹម ថៃ​ណា បាន​រៀប​រាប់ទាំង​ហួសចិត្ត​មក​ថា ​តួនាទី​របស់​គ្រូពេទ្យ​គឺ ត្រូវ​មើលថែ​អ្នកជំងឺ​អោយ​ដិតដល់​អស់ពី​ដៃ​ពី​ជើង​ទោះបី​អ្នកជំងឺ​ជា​អ្នកក្រ​ឬ​អ្នកមាន អ្នកស្រែ​ឬ អ្នកក្រុង​ក៏ដោយ ព្រោះថា​អាយុជីវិត​របស់​អ្នកជំងឺ​ទាំងអស់​គឺ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​គ្រូពេទ្យ បើ​ធ្វេសប្រហែស​តែមួយ​វិនាទី នោះ​អ្នកជំងឺ​នឹង​អាច​មាន​បញ្ហា​ធំ។

តារា​ចម្រៀង​សិច​ស៊ី​កញ្ញា​ ស៊ឹម ថៃ​ណា បន្ត​ថា រាល់​សកម្មភាព​ព្យាបាល និង​មើលថែ​​អ្នកជំងឺ​វា​ក៏​ត្រូវ​ផ្សារភ្ជាប់​មក​ជាមួយនឹង​ពាក្យ​សម្តី អាកប្បកិរិយា ក្រមសីលធម៌ ភាពទន់ភ្លន់​ភាពរួស​រាយ រាក់ទាក់ ព្រោះថា​ខ្មែរ​យើង​ទន់ភ្លន់​ណាស់​អារម្មណ៍​អ្នកជំងឺ​គ្រប់គ្នា ពេល​ដែល​ពួកគាត់​បាន​ចូលដល់​មន្ទីរពេទ្យ​គឺ​ពួកគាត់​កក់ក្តៅ​ណាស់​ដែល​បាន​ស្ថិតក្រោម​ការ​មើល​ថែ​របស់​គ្រូពេទ្យ​ជំនាញ ព្រោះ​គាត់​ជឿជាក់ថា​គាត់​នឹង​អាចជា​ធូរស្បើយ​ពី​ជំងឺ ហើយ​ឆាប់​បាន​ត្រឡប់​ទៅផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

កញ្ញា​ស៊ឹម ថៃ​ណា បាន​បញ្ជាក់​ថា សម្តី​ពិត​របស់​ម្តាយ​ខ្ញុំ បើ​ទុក​អញ​នៅ​ហ្នឹង​២​ថ្ងៃ​ទៀត​អញ​ពិតជា​ងាប់​ហើយ​(​បន្ទប់សង្គ្រោះបន្ទាន់​)។ ដូច្នេះ​សូម​សំណូមពរ​ទៅដល់​គ្រូពេទ្យ​គ្រប់រូប​ទាំងអស់​ថា​សូម​មេត្តា​បំពេញ​តួនាទី​របស់​ខ្លួន​អោយ​បាន​ល្អ​បំផុត​សូម​គិតថា​ជីវិត​គេ​ដូច​ជីវិត​យើង គេ​ក៏​ចង់​រស់​ដូច​យើង គេ​ក៏​មិន​ចង់​ឈឺ​ដូច​យើង​អោយ​តំលៃ​ជីវិត​អ្នកដទៃ​គឺ​អោយ​តំលៃ​ជីវិត​ខ្លួនឯង។

តាមរយៈ​នេះ ​ត្រូវ​បាន​មហាជន​ជាច្រើន​យល់ថា​ វិស័យ​សុខាភិបាល​របស់​ខ្មែរ​បច្ចុប្បន្ន​ហាក់​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ពោល​គឺ​បញ្ហា​នេះ​តែង​កើតមានឡើង​ដោយសារតែ​ក្រុម​គ្រូពេទ្យ​មួយចំនួន​បាន​បង្ក​ឲ្យ​មាន​ផល​​លំបាក​ក​ដល់​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នកជំងឺ​ហើយ​ស្វែងរក​សេវា​ព្យាបាល ​ប៉ុន្តែ​ផ្ទុយ​មកវិញ​មាន​ពេទ្យ​មួយចំនួន​តែ​ធ្វើ​ខុសពី​សីលធម៌​របស់​ក្រសួង៕