ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ បានចំណាយពេលប្រហែល ៣ ឆ្នាំ រចនាពុម្ពអក្សរបានដល់ទៅជាង ៣០០ ម៉ូដ តែគ្មានការលើកទឹកចិត្តពីស្ថាប័នដែលយកពុម្ពអក្សរទៅប្រើឡើយ។
ពីអ្នកគ្មានជំនាញផ្នែកព័ត៌មានវិទ្យា យុវជនមួយក្រុមបានសហការគ្នារចនាពុម្ពអក្សរខ្មែរជាង៣០០ប្រភេទដើម្បីលើកទឹកចិត្ដឲ្យយុវជនខ្មែរ ខ្លះដែលចូលចិត្ដសរសេរពាក្យខ្មែរជាអក្សរឡាតាំងលើឆាត អ៊ីមែល និងបណ្ដាញសង្គមហ្វេសប៊ុកឲ្យងាកមកប្រើអក្សរខ្មែរពេញលេញវិញ។
ដោយស្រឡាញ់ផ្នែកឌីហ្សាញរូបភាព លោក ឆូយ ប៊ុនសុខហេង អាយុ២៤ឆ្នាំ និងលោក នៅ សំណាង អាយុ២៦ឆ្នាំ ព្រមទាំងសមាជិក៦នាក់ផ្សេងទៀតបានចាប់ដៃគ្នាបង្កើតជាក្រុមបង្កើតពុម្ពអក្សរខ្មែរ និងគេហទំព័រហ្វេសប៊ុក ពុម្ពអក្សរខ្មែរ ដែលទទួលបានអ្នកគាំទ្រជិត២ម៉ឺននាក់។
លោក សុខហេង និស្សិតឆ្នាំទី២ផ្នែកភាសាអង់គ្លេសនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបរាប់ពីមូលហេតុថា៖ «ក្រោយពីខ្ញុំរៀនឌីហ្សាញរូបភាពក្នុងកម្មវិធីហ្វូតូសបយូរៗទៅ ខ្ញុំគិតថា នៅពេលខ្ញុំរចនារូបភាពបានហើយ តើខ្ញុំយកវាទៅណាទៀត? ខ្ញុំប្រាកដជាទុកវាចោលហើយ ប៉ុន្ដែបើខ្ញុំបង្កើតអ្វីផ្សេងដែលមានប្រយោជន៍ និងបង្ហាញពីអត្ដសញ្ញាណជាតិ វាប្រាកដជាអាចប្រើបានរហូត»។
លោកបានបន្ដថា៖ «យុវជនបច្ចុប្បន្នចូលចិត្ដសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកជាភាសាឡាតាំង ពួកគេមិនទាន់យល់ច្បាស់ពីតម្លៃនៃភាសាជាតិទេ។ យើងចង់លើកកម្កើងភាសាខ្មែរតាមរយៈការបង្ហាញពុម្ពអក្សរប្លែកៗ»។
យុវជនដែលមកពីក្រុងប៉ោយប៉ែតរូបនេះ បានប្រាប់ពីបទពិសោធក្នុងការរចនាពុម្ពអក្សរខ្មែរថា លោកចំណាយពេល២ថ្ងៃក្នុងការរចនាពុម្ពអក្សរខ្មែរមួយប្រភេទរាប់ទាំងស្រៈ និងព្យញ្ជនៈគ្រប់ទាំងអស់ ហើយលោកត្រូវចំណាយពេលយ៉ាងតិចមួយសប្ដាហ៍ទៀតដើម្បីដាក់ឲ្យដំណើរដោយឆ្លងកាត់ការធ្វើតេស្ដជាច្រើនលើកច្រើនសា។
លោក នៅ សំណាង ជាអ្នកថតវីដេអូស្ដីពីការបង្កើតពុម្ពអក្សរខ្មែរដាក់លើគេហទំព័រយូធូប និងហ្វេសប៊ុក បាននិយាយថា ក្រុមរបស់លោកបានចងក្រងពុម្ពខ្មែរទាំងចាស់ និងថ្មី ទាំងស្នាដៃក្រុមរបស់លោក និងស្នាដៃរៀមច្បងផ្សេងៗទៀតដាក់ក្នុងហ្វេសប៊ុកដើម្បីអ្នកប្រើប្រាស់ងាយស្រួលទាញយកប្រើប្រាស់តាមតម្រូវការដោយឥតគិតថ្លៃ។
ស្នាដៃពុម្ពអក្សរទាំងនេះត្រូវបានប្រទះឃើញលើគេហទំព័រ ស្ថាប័ននានា និងផលិតកម្មចម្រៀងមួយចំនួនថែមទៀតផង។ ទន្ទឹមនឹងការប្រើប្រាស់ដោយសេរីនេះ លោក សំណាង បានត្អូញត្អែរពីផលិតកម្មដែលយកពុម្ពអក្សររបស់ក្រុមលោកទៅប្រើជាលក្ខណៈអាជីវកម្មដោយមិនបានទាំងដាក់ក្រេឌីតឲ្យ ឬថ្លែងអំណរគុណអ្វីបន្ដិចសោះ។
លោកបាននិយាយថា៖ «យើងធ្វើរាល់ថ្ងៃ មិនទទួលបានកម្រៃអ្វីទេ ហើយភ្នែករបស់យើងម្នាក់ៗជិតម៉្ញូបអស់ហើយ។ ប៉ុន្ដែដោយសេចក្ដីស្រឡាញ់នូវការរចនា យើងគ្រាន់តែចង់ឲ្យម្ចាស់ផលិតកម្មទាំងនោះផ្ដល់តម្លៃលើស្នាដៃរបស់យើង»។
ពាក់ព័ន្ធនឹងការរចនាពុម្ពអក្សរខ្មែរនេះ យុវជនតំណាងក្រុមទាំងពីរនាក់នេះ បានប្រាប់ថា ក្រុមរបស់លោកបានបង្ហោះវីដេអូខ្លីៗស្ដីពីការបង្រៀនរចនាពុម្ពអក្សរលើគេហទំព័រហ្វេសប៊ុក និងតែងតែបើកទូលាយចំពោះរាល់ចម្ងល់ទាំងអស់របស់ប្រិយមិត្ដដែលស្រឡាញ់អក្សរសាស្ដ្រខ្មែរ។
លោក សុខហេង ដែលមិនទាន់ស្គាល់ផ្លូវក្នុងរាជធានីភ្នំពេញច្បាស់ បានបង្ហើបប្រាប់ថា ជាមូលដ្ឋានគ្រឹះចំពោះអ្នកចង់ចេះរចនាពុម្ពអក្សរ ពួកគេគួរតែប្រើកម្មវិធីកាត់តមួយចំនួន ដូចជា Photoshop Coral Draw និង Illustration ព្រមទាំងចេះ ឬមិនចេះសរសេរកូដផងដែរ។
លោក សុខហេង បានប្រាប់ថា បច្ចុប្បន្ននេះ ក្រុមរបស់លោកកំពុងតែរចនាពុម្ពអក្សរប្រមាណពី៣០ទៅ៤០ប្រភេទទៀត និងត្រៀមដាក់ឲ្យប្រើប្រាស់ជាសាធារណៈក្រោយពីការធ្វើតេស្ដរួចរាល់។
ចុងក្រោយ លោកចង់ឲ្យពលរដ្ឋខ្មែរទាំងអស់ចូលរួមលើកស្ទួយនិងឲ្យតម្លៃអក្សរសាស្ត្រជាតិកាន់តែផុលផុស ដូចជាការសរសេរភាសាខ្មែរឲ្យបានច្រើនលើបណ្តាញអ៊ីនធឺណិតជាដើម។ ឯបណ្ដាស្ថាប័នដែលយកពុម្ពអក្សរទៅប្រើប្រាស់សម្រាប់អាជីវកម្ម គួរចូលរួមលើកស្ទួយឧបត្ថម្ភដល់ស្នាដៃប្រឹងប្រែងរបស់អ្នករចនាពុម្ពអក្សរខ្មែរទាំងឡាយ ដើម្បីឲ្យពួកគេមានកម្លាំងចិត្តបន្តការងារទៅថ្ងៃមុខទៀត៕ den-sharing