(ខេត្តកំពង់ឆ្នាំង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានប្រកាសថា នាពេលសព្វថ្ងៃនេះ តម្លៃខ្លឹមស្លឹក នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្លៃ ១៣០០ រៀល ក្នុង ១គីឡូក្រាម។
នៅតំបន់នោះ មានអ្នកប្រមូលទិញ តាមកិច្ចសន្យានឹងតម្រូវការទីផ្សារ ដោយឲ្យតម្លៃលើសទីផ្សារធម្មតា ចំនួន ១០០ រៀល ក្នុង ១គីឡូក្រាម។
ក្នុងនោះ កាលពីឆ្នាំមុន មន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា តម្លៃខ្លឹមស្លឹក នៅភូមិត្រពាំងក្រពើ ថ្លៃ ១៥០០ រៀល ក្នុង ១គីឡូក្រាម។
ការបញ្ជាក់តម្លៃខ្លឹមស្លឹកនេះ គឺតបនឹងការចុះផ្សាយរបស់អ្នកកាសែត ប្រចាំខេត្តកំពង់ឆ្នាំង ដែលលើកឡើង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ថា «ទឹកភ្នែកកសិករដង្ហើយរកទីផ្សារ ក្រោយតម្លៃចុះថោកនឹកស្មានមិនដល់»។
ក៏ប៉ុន្តែមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា តាមការចុះសាកសួរដល់ទីកន្លែងដាំដុះខ្លឹមស្លឹកផ្ទាល់ នៅភូមិត្រពាំងក្រពើ គឺឆ្នាំមុនៗ ក្នុងអំឡុងខែធ្នូ តម្លៃខ្លឹមស្លឹក ១៥០០ រៀល ក្នុង ១គីឡូក្រាម។
ដោយឡែក នៅឆ្នាំនេះ ពេលវេលាដូចគ្នា មានតម្លៃ ១៣០០ រៀល មួយគីឡូក្រាម គឺខុសតម្លៃគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មន្ទីរកសិកម្ម បានបញ្ជាក់ថា បរិមាណខ្លឹមស្លឹក នៅតំបន់ភូមិត្រពាំងក្រពើ គឺមានអ្នកប្រមូលទិញ អាចទិញបានក្នុងចំនួន ៣តោន ទៅ ៤តោន ក្នុងមួយថ្ងៃ ដោយនៅមានចរាចរទីផ្សារជាធម្មតា។ តម្លៃខ្លឹមស្លឹក អាចនឹងឡើងថ្លៃវិញ ក្នុងអំឡុងដើមខែមករាខាងមុខ។
ជាមួយគ្នានោះ មន្ទីរកសិកម្ម បានបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានរៀបចំក្រុមផលិតតាមកិច្ចសន្យា និងតម្រូវការទីផ្សារតំបន់នោះរួចហើយ ប៉ុន្តែនៅមានកសិករមួយចំនួនតូច គាត់មិនទាន់យល់ និងមិនទាន់បានក្លាយជាសមាជិកក្រុមផលិតតាមកិច្ចសន្យានឹងតម្រូវការទីផ្សារ ហើយមន្ទីរកសិកម្ម ព្យាយាមពន្យល់ណែនាំ ឲ្យកសិករមួយចំនួននោះ ក្លាយទៅជាក្រុមផលិតជាបន្តបន្ទាប់៕ swiftnewsdaily