ឯកឧត្តម ស៊ុន ចាន់ថុល​ ប្តេជ្ញាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ច្រក​ទ្វារ​ព្រំដែនកម្ពុជា-វៀតណាម ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន

84

(ភ្នំពេញ)៖ ពី​ទីក្រុងហូជីមិញ ប្រទេសវៀតណាម ភាគីកម្ពុជាបានជួបប្រជុំពិភាក្សាទ្វេភាគីជាមួយវៀត​ណាម ដើម្បីការដោះស្រាយបញ្ហាប្រឈមការកកស្ទះចរាចរណ៍នៃរថយន្តដឹកជញ្ជូនទំនិញ ច្រក​ទ្វារ​ព្រំដែនរវាងកម្ពុជា-វៀតណាម (បាវិត-ម៉ុកបៃ)។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម Nguyen Van The រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងតំណាងក្រសួងពាក់ព័ន្ធផ្សេងៗទៀត ភាគីទាំងពីរបាន​ប្តេជ្ញាចិត្តដោះស្រាយរាល់បញ្ហាប្រឈម ដើម្បីសម្រួលការដឹកជញ្ជូន និងបន្តជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យកាន់តែកើនឡើងបន្ថែមទៀតនាពេលខាងមុខនេះ។

កិច្ចប្រជុំនេះ ក៏បានឯកភាពរួមគ្នាលើដំណោះស្រាយ មួយចំនួនដូចខាងក្រោម៖ (១) ធ្វើការសិក្សាលំអិត​​អំពីការបង្កើតតំបន់ត្រួតពិនិត្យរួមគ្នា CCA (Common Control Area) ការពង្រីកគម្លងចរាច​រណ៍ និងលំហូររថយន្តឆ្លងកាត់នៅច្រកទ្វារព្រំដែន បាវិត-ម៉ុកបៃ(Bavet-Moc Bai) ដែលនឹងត្រូវស្នើសុំការឯកភាពពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ (២) អាជ្ញាធរមានសមត្ថកិច្ចនៅច្រកព្រំដែននៃប្រទេសទាំងពីរ

នឹងពិនិត្យលទ្ធភាពក្នុងការបង្កើនម៉ោងធ្វើការ ចាប់ពីម៉ោង ៦.០០ ព្រឹក ដល់ម៉ោង ១0.០០យប់ ដើម្បីសម្រួលចរាចរណ៍រថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន (៣) ពិនិត្យលទ្ធភាពបង្កើនចំនួនកូតារថយន្តឆ្លងកាត់ប្រទេសទាំងពីរ ពី ៥០០ ទៅ ៨០០ (៤) ការសម្រួលដល់ភាគីកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធនឹងការបង្កើតសាខាតំណាងក្រុមហ៊ុន ដឹកជញ្ជូននៅប្រទេស​វៀត​ណាម

បញ្ហាធានារ៉ាប់រងក្នុងការដឹកជញ្ជូន និងការយកកម្រៃេសវាដឹកជញ្ជូនឆ្លងកាត់ប្រទេស​វៀត​ណាម (Transit Fee) (៥) កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា អំពីការអភិវឌ្ឍប្រព័ន្ធផ្លូវក្រោមដី (Subway) នៅទីក្រុងហូជីមិញ (៦) បន្តការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងគណៈប្រតិភូ នៃប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំពឹងទុកថា នៅឆ្នាំ២០២០ខាងមុខ ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនឡើងជាង៥ពាន់លានដុល្លារ ខណៈ៩ខែឆ្នាំនេះ ភាគី​ទាំងពីរមានទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ។

បើតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិទូទៅរបស់វៀតណាម គិតត្រឹមរយៈពេល ៣ត្រីមាសដំបូង ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀត​ណាម​ បានឈានដល់ ៤ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅវៀតណាម ក្នុងទំហំទឹកប្រាក់ជាង៧២០លានដុល្លារ និងនាំចូលមកពីវៀតណាមវិញ ក្នុងទំហំទឹកប្រាក់ជាង ៣,២ ពាន់លានដុល្លារ៕ swiftnewsdaily

Facebook Comments