សត្វឆ្មា ត្រូវបានគេដឹងថាជាសត្វចិញ្ចឹមមួយប្រភេទ ដែលចូលចិត្តដើរលេង និងប្រើជីវិតរស់នៅម្នាក់ឯង ដែលជាហេតុធ្វើឲ្យវាបាត់ខ្លួនពីផ្ទះ និងម្ចាស់របស់វាជាញឹកញាប់។ ប៉ុន្តែចំពោះករណីនេះវិញ សត្វឆ្មាដ៏កម្សត់របស់អតីតបេក្ខភាព The Voice Cambodia តារាចម្រៀង កញ្ញា ចំរើន សុភ័ក្រ បែរជាបាត់ខ្លួនដល់ទៅជាង ១ឆ្នាំ នៅតែខិតខំរកផ្លូវត្រលប់មកផ្ទះខ្លួនវិញ ទាំងសភាពទ្រុឌទ្រោមសល់តែស្បែក និងឆ្អឺង។ អ្វីដែលកាន់តែខ្លោចចិត្តនោះគឺ គ្រាន់តែរាក់ទាក់ម្ចាស់បានមិនប៉ុន្មានម៉ោងផង បែរជាត្រូវដេកស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ។

យោងតាមការរៀបរាប់ឲ្យដឹង ពីកញ្ញា ចំរើន សុភ័ក្រ បានឲ្យដឹងថា៖ «ហួសចិត្តទេ​ បាត់ខ្លួនឡើងមួយឆ្នាំ​ជាង​ ខ្ញុំ​គិតថាស្លាប់បាត់ទៅហើយ​ តែបែជាត្រលប់មកវិញ​ នៅសល់តែស្បែកហើយនិងឆ្អឹងតែប៉ុណ្ណោះ​។ និយាយគ្នាថាស្អែកនឹងយកទៅពេទ្យ តែឥឡូវវាស្លាប់ហើយ​ សុខចិត្តមកស្លាប់ក្នុងផ្ទះខ្លួនឯង។ តែទោះជាយ៉ាងណាក៏អស់ចិត្តដែលព្រោះបានជួបលើកចុងក្រោយ​ សូមអោយជាតិក្រោយអ្នកកើតជាមនុស្សនឹងគេ»​។ ការចែករំលែករបស់កញ្ញា បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេសអ្នកស្រលាញ់សត្វឆ្មា ក្ដុកក្ដួលចិត្តសឹងតែស្រក់ទឹកភ្នែក នឹកស្រណោះថា​ បើទោះបីជាសត្វតិរច្ឆានក្ដី ក៏នៅតែរត់មកស្លាប់ក្បែរម្ចាស់ដែរ។​ សូមទស្សនាវីដេអូខាងក្រោម៖