ស្ថិតក្នុងរដូវកាលកាន់បិណ្ឌនេះ គេសង្កេតឃើញគ្រប់គ្នាតែងតែមានទម្លាប់ប្រមូលគ្នាធ្វើការកាន់បិណ្ឌ នៅទីវត្តអារាម ដោយបានធ្វើចង្ហាន់ទៅប្រគេនលោកសង្ឃ ដើម្បីជាការឧទ្ទិសដល់បុព្វការីជន។ ប៉ុន្តែថ្មីៗ នេះ មានការចែករំលែកតៗ​គ្នា លើបណ្ដាញហ្វេសប៊ុក ពីវត្តមួយ គឺវត្តភ្នំបាសិទ្ធមហិរិទ្ធអង្គជ័យ នៅភ្នំបាសិទ្ធ ចូលតាមច្រកទ្វាវត្តភ្នំបាសិទ្ធខាងត្បូង បែរជាមានព្រះសង្ឃគង់នៅតែមួយអង្គឯង ដោយគ្មានព្រះសង្ឃដទៃទៀត ថែមទាំងមានព្រះជន្មជរាទៀត។

 

ជាក់ស្ដែង យោងតាមការចែករំលែករបស់គណនីព្រះសង្ឃមួយរូប ឈ្មោះថា Zii Ka បានរៀបរាប់ឲ្យដឹងថា៖ «វត្តនៅទីនេះមានព្រះសង្ឃតែមួយអង្គគត់ ហើយមានជន្មាយុ 98 ព្រះវស្សា វត្តភ្នំបាសិទ្ធមហិរិទ្ធអង្គជ័យ ជួយសែរផងអោយមានពុទ្ធបរិស័ទទាំងជិតទាំងឆ្ងាយបានដឹងនឹងទៅធ្វើបុណ្យទាំងអស់គ្នា»។ តាមរយៈការចែករំលែកនេះ បានធ្វើឲ្យមហាជនជាច្រើនសម្ដែងក្ដីអាណិតស្រណោះ ដោយសង្ឃឹមថាបងប្អូន ពុទ្ធបរិស័ទទាំងអស់បានដឹង និងទៅដល់វត្តមួយនេះផងដែរ៕