ចៅក្រមនឹងចេញដិកាឃុំខ្លួនឧកញ៉ា​ ហូ​ ចំរើន​ ដាក់ពន្ធនាគារ​នៅល្ងាចនេះ​
នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានបញ្ចប់ការសួរនាំ​ឧកញ៉ា​ ហូ​ ចំរើន​ ដោយសម្រេចចោទប្រកាន់ពីបទ «គំរាមកំហែងថានឹងសម្លាប់»។​

តាម​មាត្រា​២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែលអាចផ្តន្ទាទោសពី៦ ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ បន្ទាប់ពីការចោទប្រកាន់រួច លោក សៀង សុខ បានបញ្ជូនទៅដៃដល់ចៅក្រម ដើម្បីបន្តចាត់ការតាមនីតិវិធី​ ។
ប្រភពច្បាស់ការបានអោយដឹងថា​ បន្ទាប់ចៅក្រមបញ្ចប់ការស៊ើបសួរ​ ឧកញ៉ា​ ហូ​ ចំរើន​ នឹងត្រូវចេញដិកាឃុំខ្លួនដាក់​ពន្ធនាគារនៅល្ងាចថ្ងៃនេះ​ ។​
សូមបញ្ជាក់ថា ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ បន្ទាប់ពីរូបលោកបានបាញ់បោះសេរីប្រមាណ ៦-៧គ្រាប់ ​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ ក្នុងភូមិគ្រឹះរបស់លោកស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
ដោយ៖ ផែងវណ្ណៈ