ភ្នំពេញ​ ​៖ “​កម្ពុជា​បាន​តាំងចិត្ត​ខ្ពស់ ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​។ កម្ពុជា​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ គឺ​ត្រៀមខ្លួន​ក្នុង​ការសហការ ជា​លក្ខណៈ​អន្តរជាតិ ជាមួយ​ប្រទេស​ទាំងអស់ ក្នុង​ការអភិរក្ស​ធន​ធាន​ធម្មជាតិ និង​ទប់ស្កាត់ ក៏ដូចជា​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​”​។

 

នេះ​គឺជា​ការ​ថ្លែង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុងឱកាស ដែល​ឯកឧត្តម​ចូលរួម​នៅក្នុង​កម្មវិធី លើកតម្កើង​ឥរិយាបថ នៃ​ការចូលរួម​ប្រឆាំង​នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅ​និវេសនដ្ឋាន​របស់ ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​នានា​ជាច្រើនរូប​ទៀត ក្នុងនោះ​ក៏​មាន​វត្តមាន​របស់​លោក Edward Vaizey បេសកជន​របស់​នាយ​ក​រដ្ឋមន្ត្រី​អង់គ្លេស ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​។​

 

​លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា កម្ពុជា​បាន និង​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុងការ​ការប្រយុទ្ធប្រឆាំង នឹង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​កម្ពុជា ក៏​បាន​សហការ​ក្នុង​នាម ជា​ដៃគូ​អន្តរជាតិ ជាមួយ​ប្រទេស​អង់គ្លេស ក្នុង​ការទប់ស្កាត់ បង្ការ និង​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​ខុស​ច្បាប់​ដែរ នៅលើ​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ​ខ្សែ​វីដេអូ​អប់រំ​ពីរ ដែល​និយាយ​ពី​ការប្រឆាំង នឹង​ការ​ជូ​ញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់ និង និង​ការអភិរក្ស​ជីវៈចម្រុះ ត្រូវ​បាន​ចាក់​បញ្ចាំង​។ លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ ផលិត​ខ្សែ​វីដេអូ​អប់រំ​នេះ ដោយ​ថ្លែង​ថា វា​នឹង​ចូលរួម​ក្នុង​ការកែប្រែ​ឥរិយាបថ​ពលរដ្ឋ​មួយចំនួន​ឱ្យ​ស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេងទៀត និង​ចូលរួម​អ​ភ​រិក្ស ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់ ជំនាន់​ទៅមុខទៀត​។​

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួង​បរិស្ថាន មានការ​តាំងចិត្ត​ខ្ពស់ ក្នុង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ ហើយ​បាន​លើកឡើង​ថា គ្រប់​ភាគី​ពាក់ព័ន្ធ ត្រូវ​ធ្វើ​ការងារ​រួមគ្នា ដើម្បី លុបបំបាត់​ការជួញដូរ​ខុសច្បាប់​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កម្ពុជា​បាន​រៀបចំ​យន្តការ ក៏​ដូចជា​មាន​ច្បាប់ និង​អនុវត្ត​ជា​ប្រចាំ​ដើម្បី​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទ​ល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន​ពី​ក្រញាំដៃ​នៃ​ក្រុម​ជនល្មើស ព្រមទាំង​បាន​ចាប់ខ្លួន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់ ក៏​ដូច​ជា​ការ​ផាក​ពិន័យ​ជា​ប្រាក់​ជាដើម​៕