សាកសពរបស់សេដ្ឋីនីថៃម្នាក់ត្រូវបានប្រទះឃើញញាត់ក្នុងទូទឹកកករបស់នាង ដោយចាក់ស៊ីម៉ង់ពីលើ ។
លោកស្រី Wannee Jiracharoenying អាយុ ៥៨ ឆ្នាំ បានបាត់ខ្លួនពីខេត្តឈៀងម៉ៃ កាលពីថ្ងៃទី ១៨ ខែតុលាកន្លងទៅ ក្រោយរូបគាត់ទៅចូលទៅធ្វើបុណ្យនៅវត្តមួយកន្លៃងនៅជិតនោះ ។
បងប្រុសរបស់គាត់ Woraphan Jiracharoenying បានមានការភ្ញាក់ផ្អើលថារឿងមិនល្អបានកើតឡើង ក្រោយប្អូនស្រីរបស់លោកលែងឆ្លើយតបសារ ។
សាកសពរបស់នាងត្រូវបានប្រទះឃើញ ក្រោយអ្នកជិតខាងនាងរអ៊ូរទាំថាមានក្លិនស្អុយចេញពីក្នុងផ្ទះ រហូតក្រុមប៉ូលិសសង្ស័យក៏បានចូលរកឃើញសាកសពនាងបានចងញាត់ចូលក្នុងទូទឹកកក ។
បើតាមក្រុមវិភាគសាកសពរបស់ប្រទេសថៃបានបញ្ជាក់ថា ដៃ និងជើងនាងត្រូវបានរុំស្កុតចងទាញឡើងមកដល់លើក្បាល ហើយញាត់ចូលទូទឹកកកមុននឹងចាក់ស៊ីម៉ង់គ្របពីលើ ។
អាជ្ញាធរថៃបានដាក់ការសង្ស័យទៅលើមិត្តរបស់នាងម្នាក់ឈ្មោះ Oom ថាជាឃាតក ក្រោយស្ត្រីរូបនោះបានបាត់ខ្លួនទៅដែរ។
ពួកគេទាំង ២ ត្រូវបានឲ្យដឹងថា ប្រទះឃើញនៅជាមួយគ្នា នៅឯមន្ទីរពេទ្យ Suan Dok ក្នុងខេត្តឈៀងម៉ៃ ដែលជាកន្លែងលោកស្រី Wannee បរិច្ចាគថវិការ ទៅកាន់មន្ទីរពេទ្យមួយនេះចំនួន ១៩ លានបាត ។
ជាមួយគ្នានេះដែរ ទឹកប្រាក់ជាច្រើនត្រូវដកចេញពីគណនីរបស់លោកស្រី Wannee ចាប់តាំងពីរូបគាត់បានបាត់ខ្លួន ហើយឡាន និងកាតធនាគាររបស់គាត់ក៏បានបាត់ផងដែរ ។
បើតាមប៉ូលិសរបស់ប្រទេសថៃដែលកំពុងតាមដានស្ត្រីសង្ស័យដែលជាមិត្តភក្តិជនរងគ្រោះនោះ បានបញ្ជាក់ថា «ពួកយើងបានធ្វើការទាក់ទងទៅខាងធនាគារ ហើយក៏ទទួលបានព័ត៌មានថា លុយក្នុងគណនីរបស់គាត់ត្រូវបានដកដោយជនម្នាក់ផ្សេងទៀត ក្រោយពេលគាត់ស្លាប់ ។
នៅថ្ងៃដែលក្រុមគ្រួសារដាច់ការទាក់ទងជាមួយជនរងគ្រោះ ជនសង្ស័យបានធ្វើការដកលុយចេញពីទូ ATM មួយក្នុងខេត្តឈៀងម៉ៃ បន្ទាប់មកទៅដកនៅខេត្តឈៀងរ៉ៃ ហើយបន្តទៅ Mae Hong Son ដោយសរុបទឹកប្រាក់ដែលបានដកទាំងអស់ចំនួន ១,២ លានបាត ។
ព័ត៌មានចុងក្រោយដែលទទួលបានគឺ ជនសង្ស័យបានដកលុយជាថ្មីម្ដងទៀតនៅ Rayong បើតាមកាមេរ៉ាសុវត្ថិភាពក្នុងទូ ATM អាចចាប់បានផ្នែកខ្លះនៃមុខរបស់ជនសង្ស័យ» ។
ក្រុមប៉ូលិសបានជឿជាក់ថា ឃាតកបានសម្លាប់ជនរងគ្រោះក្នុងគោលបំណងចង់បានលុយ ព្រោះរូបគេអាចដឹងថា ជនរងគ្រោះជាមនុស្សមានលុយច្រើន និងតែងតែបរិច្ចាគទៅចូលបុណ្យក្នុងវត្ត និងតាមមន្ទីរពេទ្យនានានោះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នសាកសពរបស់សេដ្ឋីនីថៃរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Maharat Chiang Mai ដើម្បីធ្វើកោសល្យវិច័យ ៕ ប្រជាប្រិយ
ទស្សនាវីដេអូខាងក្រោម៖