គំនិត​ផ្តួចផ្តើម តែ​ផ្តល់​ផល​ខ្ពស់​នេះ ចាប់ផ្តើម​ពី​ក្រុម​កសិករ “​ទីក្រុង​” ព្រោះ​វា​ពុំ​តម្រូវឲ្យ​មាន​ទីធ្លា​ល្វឹងល្វើយ​នោះទេ ។​

​អាច​ធ្វើ​បែប​នេះ​បាន មូលហេតុ​បឋម ព្រោះ​ដំឡូងជ្វា​ពិតជា​ងាយ “​សម្រប​” ខ្លួន​មិន​រើស​កន្លែង ។ ម្យ៉ាងទៀត​វា​ពិតជា​សម​ស្រប​ចំពោះ​ទីតាំង​ដែល​តូចចង្អៀត ។​

​ការដាំ​បែបនេះ​នៅ​ធ្វើឲ្យ “​កសិករ​” ងាយ​ប្រមូលបាន​ផល ស្លឹក ទង វា​យក​មក​ធ្វើ​ជា​បន្លែ​ដ៏​ឆ្ងាញ់​ពិសារ ហើយ​បង្កើត​ជា​ម្លប់​ត្រជាក់​ពិសេស​លើដំបូល​អគារ ផ្ទះ​…​តែម្តង ។​

​ឫស​មេ​របស់​ដើម​ដំឡូងជ្វា ត្រូវបាន​ដាំ​ក្នុង​ពាង ឬ​អាង​ធំ​មួយ ហើយ​បង្កប់ (​បន្ថែម​)​ជីវជាតិ ។ នៅពេល​ដែល​ដំឡូង​វា​ពេញ​ទ្រើង ក៏​ជា​ពេល​ដែល​វា​ចាប់ផ្តើម​ចេញ​ឫស នៅតាម​ទង ខ្នែង ។ ពេល​នោះ​ឯង​ដែល​អ្នក​យក​កូន​ធុង​តូច ដែល​ផ្ទុក​សារធាតុចិញ្ចឹម​រាវ (EM) មក​ផ្ទុះ​កញ្ចុំ​ឫស​ទាំងនោះ ហើយ​វា​នឹង​លូតលាស់​ពុំ​ចាំបាច់​មាន​ដី​ទេ ។ មើម​របស់​វា​នឹង​មាន​ទំហំ​ធំៗ​មូល​ល្អ​ទៀត ។​

​ពេល​ប្រមូល​ផល អ្នក​គ្រាន់តែ​ទម្លាក់​កូន​ធុង​ចុះមក រួច​កាត់​យក​មើម​ជា​ការ​ស្រេច ។ ឫសគល់​នៃ​ដើម​មេ មាន​អាយុ​ពី ៣-៥​ឆ្នាំ ហើយ​១​គល់​បែបនេះ​វា​អាច​ផ្តល់​ផល​ដល់​ទៅ ១​តោន​ឯណោះ ។​

​ការដាំដុះ​តាមបែប​ខាងលើ​ត្រូវបាន​អនុវត្ត​សាកល្បង​ជោគជ័យ​នៅ​ខេត្ត​សាន​ស៊ី ប្រទេស​ចិន​រួចហើយ ។ វា​ផ្តល់​ផល​លើស​ពី​របៀប​ដាំ​ប្រពៃណី​លើ​ដី​ពី ៤០%-៥០% ឯណោះ ។ សំខាន់​គឺ​ការផ្តល់​ទឹក ជី​ឲ្យបាន​គ្រប់គ្រាន់ ។​

​ការសំខាន់​មួយ​ទៀត​គឺ​គប្បី​ធ្វើ​ទ្រើង​ពី​ដើមទី​ឲ្យបាន​រឹងមាំ អាច​ទ្រាំទ្រ​នឹង​ធាតុអាកាស​បាន​ពី ៣​ឆ្នាំ​-៥​ឆ្នាំ ចៀសវាង​ការពុក​បាក់ ៕