ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ជាក់ស្ដែង​មួយរយៈ​ចុង​ក្រោយនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ក៏ដូចជា​ច្រក​កំពង់ផែ​ច្រើន​កន្លែង​ក្នុង​ខេត្តកោះកុង គឺ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ ក្រោម​តុ ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង យ៉ាង​សុខ​ស្រួល​ហើយ​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ សូម្បីតែ​ម៉ូតូ​ទំនើបៗ​គេចពន្ធ និង​រថយន្ត​ទំនើបៗ​អត់​ពន្ធ​ក៏​ឈ្មួញ​អាច​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង​ផែ​មួយចំនួន​ក្នុង​ខេត្តកោះកុង យ៉ាង​រលូន​ដែរ​ព្រោះ​លោក សំ កុសល និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។

មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រកព្រំដែន​និង​ច្រក​កំពង់ផែ​ក្នុង​ខេត្តកោះកុង សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សំ កុសល ទើប​មុខរបរ​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​។ ក្នុងចំណោម​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​និង​ច្រក​កំពង់ផែ​ក្នុង​ខេត្តកោះកុង គឺ​ឈ្មួញ​ឈ្មោះ ធី កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​ដោយសារ​មាន​លោក សំ កុសល មេ​គយ​ខេត្តកោះកុង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ លើស​នេះ​ទៅទៀត​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង បាន​រក្សាទុក​ប៉ុស្ដិ៍​គយ​ចល័ត​នៅ​ចំណុច​អណ្ដូងទឹក ដើម្បី​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​បើទោះបី​ឈ្មួញ​ម្ចាស់​ទំនិញ​ទាំងនោះ​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក សំ កុសល នោះទេ​ព្រោះ​ករណី​លោក សំ កុសល បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕
ប្រភព៖ មនសិការខ្មែរ