នៅតាមផ្លូវវិលត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីទៅកាន់ប្រទេសចិនដើម្បីខ្ចីលុយបន្ថែម ប្តីប្រពន្ធប្រធានាធិបតី Nicolas Maduro បានចូលបរិភោគសាច់គោអាំងពិសេសរបស់ចុងភៅកំពូលនៅ istanbul ប្រទេសតួកគី ធ្វើឱ្យពលរដ្ឋ Venezuela ដែលកំពុងអត់ឃ្លានផ្ទុះកំហឹងយ៉ាងខ្លាំង។
ប្រធានាធិបតី Maduro ជក់បារីស៊ីហ្គាក្រោយពេលបរិភោគសាច់គោអាំងពិសេសរួច
សាច់គោអាំងបែបតួកគីនៅហាង Bae ពិសេសត្រូវបានចម្អិនដោយចុងភៅល្បីល្បាញ Nusret Gokce ពិតជាមានឱជារសឆ្ងាញ់តែតម្លៃក៏មិនធម្មតាដែរ(រាប់រយដុល្លារក្នុងមួយចាន)។ ហេតុការណ៍នេះបានបែកធ្លាយដល់បណ្ដាញសង្គម ខណៈពេលដែលចុងភៅNusret Gokce បានថតឃ្លីបនិងរូបភាពរបស់ប្តីប្រពន្ធប្រធានាធិបតីរូបនេះកំពុងបរិភោគសាច់គោអាំងដែលខ្លួនអាំង ដោយដាក់ចំណងជើងថា៖ ខ្ញុំស្រឡាញ់ Venezuela » ឡើងបណ្ដាញសង្គមTwitter និង Instagram។
ក្នុងខ្សែវីដេអូមួយ លោកNicolas Maduro និយាយថា៖ «ជាវេលាអស្ចារ្យក្នុងជីវិត» នៅពេលដែលលោក រួមនឹងជំទាវទី១ អង្គុយទស្សនាចុងភៅខាងលើបង្ហាញស្នាដៃអាំងសាច់របស់ខ្លួន។ នៅក្នុងខ្សែវីដេអូមួយទៀតបង្ហាញឱ្យឃើញលោកMaduro កំពុងជក់ស៊ីហ្គាមួយដើមដែលយកចេញពីប្រអប់មួយដែលមានចម្លាក់រូបលោក។នៅខ្សែវីដេអូទី៣គេឃើញលោកMaduro បានឱបថើបចុងភៅGokce យ៉ាងស្និទ្ធស្នាល ហើយនិយាយថាខ្ញុំនឹងបានជួបលោកក្នុងពេលឆាប់ៗនៅការាកាសក្នុងពេលឆាប់ៗខាងមុខ។
Gokce បានបន្តមិនឆ្លើយឆ្លងជាមួយReuters នៅថ្ងៃទី១៧កញ្ញា ខណៈពេលលោកបាននិយាយថាមានមនុស្សដល់ទៅ១៥លាននាក់បានទស្សនាវីដេអូរបស់ខ្លួននៅលើInstagram ។
នៅយប់អធ្រាត្រថ្ងៃទី១៧កញ្ញា តាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ប្រធានាធិបតីMaduro ទទួលស្គាល់ថាខ្លូនពិតជាបានបរិភោគអាហារនៅហាងBae មែន ក្នុងចន្លោះពេលរង់ចាំ២ម៉ោងនារដ្ឋធានីការាកាស ហើយចុងភៅGokce ពិតជាបានមកជួបលោកនិងភរិយា។ គួរកត់សម្គាល់ថា នៅថ្ងៃទី១៧កញ្ញានោះដែរ ការស្ទាបស្ទង់មតិមួយរបស់អង្គការ Meganalisisបានប្រកាសថា ពលរដ្ឋVenezuela ៣០ភាគរយមានលទ្ធភាពបរិភោគអាហារតែម្តងក្នុងមួយថ្ងៃប៉ុណ្ណោះ។ ប្រជាជនVenezuela ២ភាគ៣បានស្រកអស់១១គីឡូក្រាមគិតចាប់ពីឆ្នាំ២០១៧មក ពលរដ្ឋ៨៧ភាគរយរស់នៅក្នុងភាពក្រលំបាក ហើយ៦០ភាគរយនិយាយថាពួកគេគ្មានលុយទិញចំណីអាហារច្រើនខែមកហើយ។
បើតាម UN ពលរដ្ឋVenezuela ២,៣លាននាក់បានរត់ទៅកាន់ប្រទេសជិតខាង ព្រោះតែកង្វះស្បៀងអាហារនិងឱសថ ខណៈពេលដែលសេដ្ឋកិច្ចប្រទេសនេះកំពុងប្រឈមនឹងមហាគ្រោះអតិផរណា៕