(ភ្នំពេញ)៖ នគរបាលប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បាន បញ្ជូនបុរសជនជាតិចិន ចំនួន ៤នាក់ ទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៤០គីឡូក្រាម។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យទាំង ៤នាក់ ទី១ ឈ្មោះ YUN LiANFU ភេទប្រុស អាយុ ៥១ឆ្នាំ, ទី ២ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ ៤៨ឆ្នាំ, ទី៣ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ ៤៣ឆ្នាំ និងទី៤ឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ ៤០ឆ្នាំ។
សូមជម្រាបថា ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងផ្សេងៗគ្នា។
នៅក្នុងនោះ មានជនសង្ស័យឈ្មោះ YUN LIANFU ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងបន្ទប់ខុនដូជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដកហូតបានគ្រឿងញៀនប្រមាណ ៣៩ គីឡូក្រាម។
បន្ទាប់ពីចាប់ខ្លួនឈ្មោះ YUN LIANFU និងដកហូតថ្នាំញៀន៣៩គីឡូ ក្រាម ជននេះបានសារភាពភ្លាមៗ ថាជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួក ចំនួន ៣នាក់បន្ថែមទៀត៕ Swiftnewsdaily